(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះមានផ្ទុះករណីរថយន្តដូចគ្នា តែការវាយតម្លៃប្រភេទរថយន្តខុសគ្នាធ្វើឲ្យរដ្ឋបាត់ចំណូលពន្ធជារៀងរាល់ឆ្នាំ ត្រូវបានគេថតបង្ហោះពេញហ្វេសប៊ុក ហើយក៏គេនៅមិនទាន់ឃើញមានស្ថាប័នមានសមត្ថកិច្ចណាចេញមុខបំភ្លឺនៅឡើយដែរ។
យោងតាមភស្តុតាងជាក់ស្ដែងដែលគេថតបង្ហោះ នៅតាមហ្វេសប៊ុកនោះបានអោយដឹងថា រថយន្តចំនួន២គ្រឿង ម៉ាកដូចគ្នាពណ៌ដូចគ្នា កម្លាំងម៉ាសុីន ចំនួន ទំហ៊ំស៊ីឡាំងដូចគ្នា និយាយរួមគឺដូចគ្នាទាំងអស់ ខុសតែឆ្នាំផលិតប៉ុណ្ណោះ ដោយមួយគ្រឿងផលិតនៅឆ្នាំ២០១៥ និងមួយគ្រឿងទៀតផលិតនៅឆ្នាំ២០១៦ តែពេលនាំចូល គយវាយតម្លៃប្រភេទខុសគ្នា ធ្វើអោយការបង់ពន្ធនាំចូល រួមទាំងការបង់ពន្ធផ្លូវផងខុសគ្នាដែលជាដើមចមធ្វើអោយរដ្ឋបាត់ចំណូលពន្ធជារៀងរាល់ឆ្នាំ។
យោងតាមភស្តុតាងឯកសារដែលគេថតបង្ហោះនៅតាមហ្វេសប៊ុកបានឲ្យដឹងថា រថយន្តម៉ាក Toyota Hiace ប្រភេទរថយន្តដឹកអ្នកដំណើរ១២កៅអីមួយគ្រឿង ផលិតនៅឆ្នាំ២០១៥ ពាក់ស្លាកលេខសៀមរាប 2b 2899 ត្រូវបានគេកំណត់ថា ជាប្រភេទរថយន្តដឹកអ្នកដំណើរធុនតូចត្រូវបង់ពន្ធផ្លូវប្រចាំឆ្នាំចំនួន៦០០.០០០រៀល ខណៈរថយន្តដូចគ្នាមួយគ្រឿងទៀតផលិតនៅឆ្នាំ២០១៦ ពាក់ស្លាកលេខសៀមរាប 2B 9906 ត្រូវបានគេកំណត់ថា ជាប្រភេទរថយន្តដឹកទំនិញធុនតូច ត្រូវបង់ពន្ធផ្លូវប្រចាំឆ្នាំចំនួន២០០.០០០រៀល ធ្វើអោយខុសប្រាក់បង់ពន្ធរហូតដល់ទៅ៤០០.០០០រៀលឯណោះ ដោយនេះគេនៅមិនទាន់គិតដល់ការ បង់ពន្ធនាំចូលដែលអាចខុសគ្នាថែមទៀតផង ព្រោះសំរាប់រថយន្តដឹកទំនិញ គេត្រូវគិតពន្ធនាំចូលទៅតាមចំនួនតោន និងរថយន្តដឹកអ្នកដំណើរ គេត្រូវគិតពន្ធនាំចូលទៅតាមចំនួនកៅអី ហើយរថយន្តដឹកអ្នកដំណើរអាចជាប់ពន្ធខ្ពស់ជាងរថយន្តដឹកទំនិញទៀតផង។
ដើម្បីតម្លាភាព និងយុត្តិធម៌ សមត្ថកិច្ចពាក់ព័ន្ធគួរតែបើកធ្វើការសើុបអង្កេតលើករណីនេះថាតើកំហុសបណ្ដាលមកពីខាងណាពិតប្រាកដ? កំហុសគយនៅមាត់ច្រកនាំចូលឬក៏កំហុសខាងមន្ទីរសាធារណការដែលជាអ្នកចេញស្លាកលេខ?
ព្រោះភស្តុតាងមានជាក់ស្ដែងអស់ហើយ តែអ្នកដឹងរឿងបានបង្ហើបអោយដឹងថាកំហុសភាគច្រើនគឺខាងគយវាយតម្លៃ និងគយនៅមាត់ច្រកនាំចូលតែម្ដង ហើយក៏មិនមែនជារឿងអចេតនាដែរ៕