(ភ្នំពេញ)៖ បន្ថែមពីលើសេចក្តីប្រកាសបដិសេធនៃការបង្ហោះព័ត៌មានរបស់ ផែង វណ្ណៈ ដោយធនាគារបានហៅថា គឺជា​ទង្វើ​មាន​ចេតនា​ញុះ​ញង់ និង​បំពុល​សង្គមនោះ, នៅព្រលប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ធនាគារអេស៊ីលីដា គ្មានសិទ្ធិសម្រេចណាមួយលើតម្លៃពន្ធទេ គឺធ្វើតាមតែការកំណត់តម្លៃរបស់អគ្គនាយកដ្ឋានពន្ធដារតែប៉ុណ្ណោះ ការទទួលប្រាក់ពន្ធផ្លូវ គឺអនុវត្តទៅតាមលិខិតប្រកាស បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ។

លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបន្តបញ្ជាក់ថា ធនាគារ ទទួលប្រាក់ពន្ធត្រូវបង់ពីអតិថិជន ដែលជាប់កាតព្វកិច្ចពន្ធតាមទិន្នន័យ ទទួលបាន ពីប្រព័ន្ធស្វ័យប្រវត្តិរបស់អគ្គនាយកដ្ឋានពន្ធដាតែប៉ុណ្ណោះ។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ដដែលរូបនោះបានអះអាងថា «ប្រសិនបើគាត់ (ផែង វណ្ណៈ) ខ្វះខាតឯកសារគួរសាកសួរព័ត៌មាន មកកាន់ធនាគារជាមុនសិន»

នៅរសៀលថ្ងៃសុក្រនេះ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារល្បីល្បាញមួយនៅប្រទេសកម្ពុជា បានចេញលិខិតបដិសេធមួយដោយចាត់ទុកថា ការបង្ហោះព័ត៌មាននៅលើគណនី Facebook ឈ្មោះ ផែង វណ្ណៈ ដែលថា «ធនាគារអេស៊ីលី ឃុបឃិតគ្នាជាមួយម្ចាស់រថយន្តលួចបន្លំ ថវិការដ្ឋលើបញ្ហាបង់ពន្ធផ្លូវ» គឺជាទង្វើមានចេតនាញុះញង់ និងបំពុលសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសធនាគារអេស៊ីលីដាយ៉ាងធ្ងន់ធ្ងរ។

សេចក្តីប្រកាសបដិសេធរបស់ធនាគារអេស៊ីលីដា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ធនាគារអេស៊ីលីដា ភីអិលស៊ី សូមបដិសេធចំពោះការ ចុះផ្សាយព័ត៌មាន នៅក្នុងគណនីឈ្មោះ ផែង វណ្ណៈ ក្នុងបណ្តាញសង្គម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដោយបានប្រើពាក្យថា «ធនាគារអេស៊ីលី ឃុបឃិតគ្នាជាមួយ ម្ចាស់រថយន្តលួចបន្លំ ថវិការដ្ឋលើបញ្ហាបង់ពន្ធផ្លូវ និងការបន្តផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន»

ធនាគារបានចាត់ទុកថា «ការផ្សព្វផ្សាយព័ត៌មានខាងលើនេះ គឺមិនបានសាកសួរព័ត៌មានឱ្យបានច្បាស់លាសជាមុន ពីធនាគារអេស៊ីលីដា ភីអិលស៊ី ឬស្ថាប័នពាក់ព័ន្ធ ទេ ដោយមាន​ចេតនា​បំពុលសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសដ៏ធ្ងន់ធ្ងរដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសេចក្តីថ្លៃថ្នូរបស់វិស័យហិរញ្ញវត្ថុទាំងមូលដែលជាឆ្អឹង ខ្នងដ៏រឹងមាំសម្រាប់​ទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងសហការជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញកិច្ចការជូនជាតិប្រកបដោយតម្លាភាព និងការជឿទុកចិត្ត ស្របតាមយុទ្ធសាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាលកម្ពុជា ស្តីពីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់»

សូមអានប្រកាសបដិសេធរបស់ធនាគារអេស៊ីលីដា៖