(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធីយុទ្ធនាការមួកសុវត្ថិភាព នៃសកម្មភាពសង្គម ក្នុងប្រទេសកម្ពុជា ទើបតែបានបពា្ចប់ថ្មីៗរួចមក ក្រុមហ៊ុនសាមសុង ក៏នៅតែបន្តសកម្មភាពសង្គម របស់ខ្លួនយ៉ាងសកម្ម ដោយបានរៀបចំកម្មវិធីថ្មីមួយទៀត ដែលបានរៀបចំធ្វើទ្បើងនៅថ្ងៃទី១៦ ខែធ្នូនេះ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
កម្មវិធីនេះ ជាផ្នែកមួយនៃកម្មវិធី Samsung Love and Care ដែលក្រុមហ៊ុន Samsung តែងតែផ្តល់នូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ ចំពោះប្រជាជនកម្ពុជា តាមរយៈសកម្មភាពសង្គមនានា។ ជាក់ស្តែងសកម្មភាពស្ម័គ្រចិត្ត បរិច្ចាគឈាម របស់បុគ្គលិកសាមសុងថ្ងៃនេះ គឺធ្វើទ្បើងក្នុងគោលបំណងសំខាន់ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស និងដើម្បីផ្តល់ព័ត៌មាន ដល់សាធារណជនឲ្យបានយល់ដឹង អំពីតួនាទីរបស់ឈាម ក្នុងការជួយដល់អ្នកជំងឺជាច្រើន កំពុងត្រូវការឈាមរបស់យើងទាំងអស់គ្នា ឲ្យសមស្របទៅនឹងពាក្យថា «សង្រ្គោះជីវិត បរិច្ចាគឈាមថ្ងៃនេះ»។
លោក ឆែ សុខទ្បេង ដែលជាប្រធានផ្នែកផ្សព្វផ្សាយ នៃក្រុមហ៊ុនថៃ សាមសុង អេទ្បិចត្រូនិកប្រចាំកម្ពុជា បានមានថ្លែងថា «ខ្ញុំពិតជាមានអារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួម ក្នុងកម្មវិធីដ៏មានអត្ថន័យមូយនេះ ក្នុងការចែករំលែកសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ ទៅដល់សហគមន៍ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា តាមរយៈការបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតបងប្អូន ដែលត្រូវការឈាមជាបន្ទាន់ ឬជួបប្រទះគ្រោះថ្នាក់ផ្សេងៗ»។
អ្នកស្រីសុង សុទ្ធា បុគ្គលិកសាមសុង ប្រកបដោយទឹកមុខសប្បាយរីករាយ បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំពិតជាមានមោទនភាព ដែលបានមកបរិច្ចាគឈាម ដែលរៀបចំដោយក្រុមហ៊ុនសាមសុង ដោយចេញពីសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ ផ្តើមចេញពីយើងម្នាក់ៗ ដូច្នេះយើងគួរតែបំផុសវា និងចែករំលែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សង្គមរបស់យើង នឹងពោរពេញ ដោយសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់រវាងគ្នា និងគ្នាជាក់ជាពុំខាន»។
ជាចុងក្រោយ ក្រុមហ៊ុនក៏បានអំពាវនាវដល់សាធារណជន ឲ្យចូលរួមជួយគាំទ្រ ក្នុងការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តឲ្យបានច្រើន ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាម៕