(កំពង់ឆ្នាំង)៖ ក្នុងនាមជាសម្ព័ន្ធមេត្រីភាពរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បាននាំ យកសម្ភារៈសំណង់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនធំ ទៅប្រគល់ជូនកងទ័ពនៅទីបញ្ជាការដ្ឋានកាំភ្លើងធំ នៃកងទ័ពជើងគោកស្ថិតនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីប្រគល់ និងទទួលសម្ភារសំណង់ គ្រឿងឧបភោគបរិភោគ និងថវិកានាព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីក្រសួងពាណិជ្ជកម្ម នាយទាហាន នាយទាហានរង និងពលទាហានជាង ៣០០នាក់។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកលខាងមុខ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដំណើរចុះសួរសុខទុក្ខនេះ ជាផ្នែកនៃការចងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័នស៊ីវិលជាមួយកងទ័ព ដែលជាគំនិតផ្តួចផ្តើម របស់ប្រមុខរដ្ឋាភិបាល ដើម្បីលើកទឹកចិត្ត និងទ្រទ្រង់ជីវភាពរស់នៅរបស់កងព័ទនៅសមរភូមិជួរមុខ ក្នុងបុព្វហេតុការពារជាតិ និងទឹកដីឲ្យបានគង់វង្ស។
លោករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់បញ្ជាការដ្ឋានកាំភ្លើងធំ បានប្រឹងប្រែងបំពេញការងារ និងសម្រេចបានភារកិច្ចស្នូលទទួលបានស្នា ដៃល្អប្រសើរគួរឲ្យកត់សម្គាល់ ជាពិសេសការងារហ្វឹកហ្វឺនពលទាហានជំនាញកាំភ្លើងធំទូទាំងកងទ័ពជើងគោក និងអង្គភាពចំណុះអគ្គបញ្ជាការ ក្នុងការបាញ់គ្រាប់ពិតបានល្អ និងមានសុវត្ថិភាព ក៏ដូចជាការកសាងអង្គភាពលើគ្រប់វិស័យ និងបានផ្តាំផ្ញើរដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ឲ្យខិតខំថែរក្សាសន្តិភាព ដែលមានក្នុង ពេលបច្ចុប្បន្ន ដើម្បីផ្តល់ឱកាសដល់ប្រជាជនទាំងអស់បានចូលរួមស្តារ និងកសាងប្រទេសជាតិ ឲ្យទទួលបានកត្តិនាមកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
នៅចុងបញ្ចប់ នៃអង្គពិធី ក៏មានការចុះហត្ថលេខាជាសក្ខីភាពនៃការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងពាណិជ្ជកម្ម និងបញ្ជាការដ្ឋានកាំភ្លើងធំនៃកងទ័ពជើងគោកផងដែរ។
សម្ភារៈសំណង់ គ្រឿងឧបភោគបរិភោគ ដែលប្រគល់ជូនកងទ័ពនាព្រឹកមិញនេះ រួមមាន៖ ស៊ីម៉ងត៍ចំនួន ២០តោន, ដែក ១២លីចំនួន ១តោន, គ្រែដេកសិក្ខាកាមចំនួន ១០០គ្រែ, កុំព្យូទ័រលើតុចំនួន ២ឈុត, ម៉ាស៊ីនព្រីនចំនួន ២គ្រឿង, វិទ្យុទាក់ទងកាន់ដៃចំនួន ១០គ្រឿង, ទឹកក្រូចចំនួន ៥០កេស និងថវិកាចំនួន ៤លានរៀល៕