(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារល្បីល្បាញមួយនៅប្រទេសកម្ពុជា បានចេញលិខិតបដិសេធមួយដោយចាត់ទុកថា ការបង្ហោះព័ត៌មាននៅលើគណនី Facebook ឈ្មោះ ផែង វណ្ណៈ ដែលថា «ធនាគារអេស៊ីលី ឃុបឃិតគ្នាជាមួយម្ចាស់រថយន្តលួចបន្លំ ថវិការដ្ឋលើបញ្ហាបង់ពន្ធផ្លូវ» គឺជាទង្វើមានចេតនាញុះញង់ និងបំពុលសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសធនាគារអេស៊ីលីដាយ៉ាងធ្ងន់ធ្ងរ។

សេចក្តីប្រកាសបដិសេធរបស់ធនាគារអេស៊ីលីដា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ធនាគារអេស៊ីលីដា ភីអិលស៊ី សូមបដិសេធចំពោះការ ចុះផ្សាយព័ត៌មាន នៅក្នុងគណនីឈ្មោះ ផែង វណ្ណៈ ក្នុងបណ្តាញសង្គម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដោយបានប្រើពាក្យថា «ធនាគារអេស៊ីលី ឃុបឃិតគ្នាជាមួយ ម្ចាស់រថយន្តលួចបន្លំ ថវិការដ្ឋលើបញ្ហាបង់ពន្ធផ្លូវ និងការបន្តផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន»

ធនាគារបានចាត់ទុកថា «ការផ្សព្វផ្សាយព័ត៌មានខាងលើនេះ គឺមិនបានសាកសួរព័ត៌មានឱ្យបានច្បាស់លាសជាមុន ពីធនាគារអេស៊ីលីដា ភីអិលស៊ី ឬស្ថាប័នពាក់ព័ន្ធ ទេ ដោយមានចេតនាបំពុលសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសដ៏ធ្ងន់ធ្ងរដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសេចក្តីថ្លៃថ្នូរបស់វិស័យហិរញ្ញវត្ថុទាំងមូលដែលជាឆ្អឹង ខ្នងដ៏រឹងមាំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងសហការជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញកិច្ចការជូនជាតិប្រកបដោយតម្លាភាព និងការជឿទុកចិត្ត ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់»

សូមអានប្រកាសបដិសេធរបស់ធនាគារអេស៊ីលីដា៖