(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាផ្សព្វផ្សាយស្ដីពី «វឌ្ឍនភាពនៃការកែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ និងកាតព្វកិច្ចពន្ធ លើប្រាក់ចំណេញប្រចាំឆ្នាំ២០១៦» ក្រោមអធិបតីភាពរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួម របស់អគ្គនាយករង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួម ពីសំណាក់លោក លោកស្រី នាងកញ្ញា ជាអភិបាល បណ្ណាធិការ តំណាង សហគ្រាស ប្រមាណជាជាង១០០០ សហគ្រាស នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ។
លោក គង់ វិបុល បានថ្លែងថា សិក្ខាសាលាដ៏មានសារសំខាន់នេះ នឹងរួមចំណែកខ្ពស់ ក្នុងការពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ហើយតាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់នឹង ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។
លោកអគ្គនាយក បានបញ្ជាក់ទៀតថា នេះគឺជាសិក្ខាសាលាមួយដ៏មានសារៈសំខាន់ ខណៈដែលរដូវកាល នៃការប្រកាសបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ នឹងត្រូវឈានចូលមកដល់នៅថ្ងៃទី០១ ខែមករា និងត្រូវបិទបញ្ចប់ទៅវិញនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ខាងមុខ។
លោកបានជម្រាបជូន អង្គសិក្ខាសាលាឲ្យបានជ្រាប អំពីលទ្ធផលនៃការកែទម្រង់ គោលនយោបាយសារពើពន្ធ និងរដ្ឋបាលសារពើពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលការកែទម្រង់ទាំងនេះ គឺផ្តោតជាសំខាន់លើការកែលម្អ និងបំពេញបន្ថែមនូវបទប្បញ្ញត្តិ ស្តីពីពន្ធដារដែលនៅមានភាពខ្វះចន្លោះ ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ, ការពង្រឹង និងបង្កើនសមត្ថភាព មន្ត្រីពន្ធដារ ធ្វើយ៉ាងណាឲ្យមន្រ្តីរាជការកាន់តែជំនាញ ស្វាហាប់ ពូកែ ស្មោះត្រង់ មានភាពម្ចាស់ការ អនុវត្តការងារប្រកបដោយមនសិការវិជ្ជាជីវៈ សំដៅធានាបាននូវផលិតភាព និងប្រសិទ្ធភាពការងារ, ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាស្នូលនៃអភិបាលកិច្ចល្អ និងជាគន្លឹះនៃការបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ នៃសេវាសាធារណៈជូនអ្នកជាប់ពន្ធគ្រប់មជ្ឈដ្ឋាន។
លោក គង់ វិបុល បានថ្លែងទៀតថា ទន្ទឹមនឹងការកែលម្អ និងការពង្រឹងអភិបាលកិច្ច របស់រដ្ឋបាលសារពន្ធ អគ្គនាយកដ្ឋានពន្ធដារ ក៏បាននិងកំពុងពង្រឹងអនុលោមភាព របស់អ្នកជាប់ពន្ធផងដែរ សំដៅធ្វើយ៉ាងណាឲ្យ អ្នកជាប់ពន្ធកាន់តែយល់ច្បាស់ និងចូលរួមបំពេញកាតព្វកិច្ចពន្ធដោយស្ម័គ្រចិត្ត និងដោយមិនសម្តែងការរអ៊ូរទាំ និងក្នុងន័យទប់ស្កាត់ លុបបំបាត់ការរគេចវេះពន្ធ ការលួចបន្លំពន្ធតាមគ្រប់រូបភាព ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងការប្រកួតប្រជែងដោយស្មើភាពគ្នាចំពោះគ្រប់ធុរជន ក្នុងគោលដៅប្រមូលចំណូលពន្ធ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសមធម៌។
លោកបន្ថែមថា កិច្ចខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយនៃការកែទម្រង់ គឺបានស្តែងចេញឲ្យឃើញតាមរយៈលទ្ធផល នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ដែលទទួលបានគ្រប់ និងលើសផែនការក្នុងរយៈពេល ០៥ ឆ្នាំជាប់ៗគ្នា ចុងក្រោយនេះ ដែលលទ្ធផលទាំងនេះ គឺពិតជាមិនអាចកាត់ផ្តាច់បាន ពីការចូលរួមពីសំណាក់អ្នកជាប់ពន្ធ នោះឡើយ។
លោកអគ្គនាយក គង់ វិបុល បញ្ជាក់ទៀតថា ការផ្តល់កិច្ចសហការខ្ពស់ ពីសំណាក់អ្នកជាប់ពន្ធ ការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិស្តីពីពន្ធដារ គឺជាកិច្ចការចម្បងដែលអ្នកជាប់ពន្ធគ្រប់រូប ត្រូវប្រកាន់យក ហើយត្រូវបោះបង់ចោលនូវទម្លាប់ចាស់ ដែលកន្លងមកតែងតែស្នើសុំលើកលែងពន្ធ ដោយលើកយកហេតុផលផ្សេងៗ និងប្រែក្លាយការគោរពប្រតិបត្តិច្បាប់មិនទាន់បានខ្ជាប់ខ្ជួន និងមិនទាន់បានត្រឹមត្រូវ ឲ្យមកជាការគោរពប្រតិបត្តិច្បាប់ប្រកបដោយខ្ជាប់ខ្ជួន និងត្រឹមត្រូវ ដោយមកដាក់លិខិតប្រកាស និងបង់ពន្ធឲ្យបានទាន់ពេលវេលា និងឲ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ លោកអគ្គនាយក បានផ្តាំផ្ញើដល់សិក្ខាកាមអ្នកជាប់ពន្ធ នូវសារ (Messages)សំខាន់ៗ មួយចំនួន មានជាអាទិ៍ ការពង្រឹងការកាន់កាប់បញ្ជីគណនេយ្យ និងការដាក់របាយការណ៍ សវនកម្មហិរញ្ញវត្ថុ, ការតម្រូវមកធ្វើបច្ចុប្បន្នភាពព័ត៌មាន សហគ្រាសឲ្យបានគ្រប់ៗសហគ្រាស និងបានទាន់ពេលវេលា, ការពង្រឹង និអនុវត្តតាមការណែនាំ ការប្រើប្រាស់ភ្នាក់ងារសេវាកម្មពន្ធដារ, ការពង្រឹងនិងបង្កើនកិច្ចសហការជាមួយ រដ្ឋបាលសារពើពន្ធ ជាពិសេសលើកិច្ចការផ្ដល់ឯកសារ សម្រាប់ការងារសវនកម្មឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ បានទាន់ពេលវេលា និងប្រកបដោយតម្លាភាព ព្រមទាំងបន្តផ្តល់កិច្ចសហការខ្ពស់ ក្នុងការបង្កើតវប្បធម៌ជជែកពិភាក្សា ផ្តល់យោបល់ ផ្តល់ការរិះគន់ក្នុងន័យស្ថាបនាគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍសមត្ថភាព ទាំងរដ្ឋបាលសារពើពន្ធ ទាំងអ្នកជាប់ពន្ធ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់យើងទាំងអស់គ្នា នៅក្នុងក្របខ័ណ្ឌនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ក៏ដូចជាក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក៕