(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Arkhom Termpittayapaisith រដ្ឋមន្រ្តីដឹកជញ្ជូនថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និង សេចក្តីបន្ថែម នៃអនុស្សរណៈយោគយល់គ្នាចំនួនពីរបន្ថែមទៀតស្តីពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកស្ទឹងបត់ និងការផ្លាស់ប្តូរសិទ្ធិធ្វើចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ព្រំ ដែនតាមច្រកទ្វារព្រំដែន ប៉ោយប៉ែត-អារញ្ញប្រាថេត។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រមព្រៀង បានធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ក្នុងពេលលោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការរួមសម្រាប់កិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ។

កិច្ចព្រមព្រមព្រៀង ដែលបានចុះហត្ថលេខានោះរួមមាន៖
១.
កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការ សាងសង់ស្ពានឆ្លងកាត់ព្រំដែន ស្ទឹងបត់-បានណងអៀង។

២. សេចក្តីបន្ថែមទី២ នៃអនុស្សរណៈយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្តីពីការផ្លាស់ប្តូរសិទ្ធិធ្វើចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមច្រកទ្វារព្រំដែន ប៉ោយប៉ែត-អារញ្ញប្រាថេត។

បើតាមការចេញផ្សាយបស់ក្រសួងសារធាណការ និងដឹកជញ្ជូន តាមរយៈកិច្ចព្រមព្រៀងនេះ រាជរដ្ឋាភិបាលថៃ បានផ្តល់ជំនួយឥតសំណងសម្រាប់សាងសង់ស្ពាន ដែលស្ថិតនៅលើទឹកដីកម្ពុជា និងកម្ចីសម្បទានសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង បរិក្ខារនៅច្រកទ្វារព្រំដែនថ្មី និងផ្លូវតភ្ជាប់ពីច្រកនេះទៅផ្លូវជាតិលេខ៥ ដែលជាផ្នែកមួយ នៃផ្លូវអាស៊ានហាយវ៉េលេខ១.

បើទោះបីជាយ៉ាងណាក្រសួងមិនទាន់បានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលរាជរដ្ឋាភិបាលថៃ បានផ្តល់ឲ្យនោះទេ ទាំងទឹកប្រាក់ជំនួយ និង កម្ចីសម្បទាន៕