(ភ្នំពេញ)៖ រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ដឹកជញ្ជូនមកពីប្រទេសចិន រួមនិងប្រទេស នៃមហាអនុតំបន់ទន្លេមេគង្គ កម្ពុជា ឡាវ ភូមា ថៃ និង វៀតណាម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំរួមគ្នាពិភាក្សាពីការដឹកនាំជញ្ជូនឆ្លងកាត់ព្រំដែន។ កិច្ចប្រជុំត្រូវបានធ្វើឡើងនៅទីក្រុងឈៀង ម៉ៃ ប្រទេសថៃ ដឹកនាំដោយលោក Arkhom Termpittayapaisith រដ្ឋមន្រ្តីដឹកជញ្ជូនថៃ និង លោក Hideaki Iwasaki នាយកផ្នែកដឹកជញ្ជូន និងគមនាគមន៍ តំបន់អាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ធនា គារអភិវឌ្ឍន៍អាស៊ី (ADB) និង ដៃគូអភិវឌ្ឍន៍ផ្សេងទៀត និង បានស្នើឱ្យ ADB បន្តដើរតួនាទីជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការរួម និងសម្របសម្រួលការអនុវត្តន៍សាកល្បង កិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) និងធ្វើបច្ចុប្បន្នភាពនីតិវិធីអនុវត្ត, និងកៀងគរការគាំទ្រពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដោយហេតុថា ការផ្តោតលើការអភិវឌ្ឍន៍ សមត្ថភាពរយៈពេលវែង គឺមានសារៈសំខាន់ និងចាំបាច់ត្រូវមានសកម្មភាពបន្ត និងគំនិតផ្តួចផ្តើមថ្មី។
លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានអបអរសាទរចំពោះប្រទេសកម្ពុជា និង ប្រទេសថៃ ដែលបានចុះហត្ថលេខាលើ៖ ១.) សេចក្តីបន្ថែម នៃអនុស្សរណៈ យោគយល់គ្នា លើការផ្លាស់ប្តូរសិទ្ធិធ្វើចរាចរណ៍ ដើម្បីបង្កើនកូតាយានយន្តបច្ចុប្បន្ន ពី ៤០ ដល់ ១៥០គ្រឿង និង ២.) កិច្ចព្រមព្រៀងសាងសង់ស្ពានថ្មីនៅ ស្ទឹងបត់-បានណងអៀន (ច្រកទ្វារព្រំដែនកម្ពុជា-ថៃ)។
លោក ស៊ុន ចាន់ថុល បានស្វាគមន៍វឌ្ឍនភាពក្នុងកិច្ចសម្រួលបែបបទឆ្លងដែន តាមរយៈ ការអនុវត្តន៍ពេញលេញ ការពិនិត្យរួមគ្នាតែម្តង/ការត្រួតពិនិត្យក្នុងបង្អូចតែមួយ (SSI/SWI) នៅច្រកព្រំដែន Lao Bao-Dansavanh រវាងឡាវ និងវៀតណាម ហើយរំពឹងថា ចាប់ផ្តើមការអនុវត្តន៍ (SSI/SWI) នៅឆ្នាំ២០១៧ នៅច្រកព្រំដែន Savannakhet-Mukdahan និងនៅច្រកព្រំដែនផ្សេងទៀត ដូចមានចែងក្នុងពិធីសារ ទី១ នៃ CBTA។
ដោយទទួលស្គាល់ពីសារៈសំខាន់នៃការប្រមូលទិន្នន័យ ការត្រួតពិនិត្យ និងការវាយតម្លៃ ដើម្បីវាស់វែង វឌ្ឍនភាពកិច្ចសម្រួលពាណិជ្ជកម្ម និងដឹកជញ្ជូន (TTF) និងការផ្តល់ព័ត៌មានដល់អ្នកធ្វើការសម្រេចចិត្តគោលនយោបាយ នៃមហាអនុតំបន់មេគង្គនោះ លោករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានឯកភាពធ្វើឱ្យប្រសើរឡើង ការត្រួតពិនិត្យ និងការវាយតម្លៃ TTF ក្នុងមហាអនុតំបន់មេគង្គ រួមមានការអនុវត្តន៍ CBTA តាមរយៈការប្រមូល និងផ្ញើជូនប្រចាំឆ្នាំ ទិន្នន័យ TTF នៅច្រកព្រំដែនដែលមានចែង នៅក្នុងពិធីសារទី ១ នៃ CBTA។ រដ្ឋមន្រ្តីបានជំរុញ ឧត្តមមន្រ្តី នៃគណៈកម្មាធិការ សម្របសម្រួលការដឹកជញ្ជូនជាតិ បន្តធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវ នៃទិន្នន័យដែលប្រមូលបាន និងការធ្វើឱ្យស៊ីសង្វាក់គ្នាទិន្នន័យរវាងប្រទេសដែលមានព្រំដែនជាប់គ្នា។
លោករដ្ឋមន្រ្តី ក៏បានឯកភាពលើសេចក្តីថ្លែងការណ៍ នៃគណៈកម្មាធិការរួមលើកទី៥ ដែលរួមមាន របាយការណ៍របស់ឧត្តមមន្រ្តី (អនុសាសន៍ និងបែបបទសម្រាប់ ការចាប់ផ្តើមអនុវត្តន៍ លិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់មហាអនុតំបន់មេគង្គ និងលិខិតអនុញ្ញាតបណ្តោះអាសន្ន) និងផែនការការងារសម្រាប់ ការអនុវត្តន៍ពេញលេញ CBTA៕