(ភ្នំពេញ)៖ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំកម្មវិធីសម្ពោធចាក់បញ្ចាំងកម្រងវីដេអូឯកដារខ្លីនៃគម្រោង Project3 ចំនួន៨រឿង របស់និស្សិតឆ្នាំទី៣ និងប្រារព្ធអបអរខួប១៥ ឆ្នាំនៃការបង្កើតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។
ការរៀបចំកម្មវិធីសម្ពោធចាក់បញ្ចាំងកម្រងវីដេអូឯកសារខ្លី នៃគម្រោង (Project3) ចំនួន៨រឿង និងប្រារព្ធអបអរខួប១៥ឆ្នាំ នៃការបង្កើតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ធ្វើឡើងក្រោមការចូលរួមពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកបណ្ឌិត ហង់ ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ខ្សែភាពយន្តឯកសារទាំង៨រឿង របស់គម្រោង Project 3 ដែលត្រូវបានផលិត និងសម្រិតសម្រាំង ដោយក្រុមនិស្សិតថ្នាក់គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយជំនាន់ទី១៣ របស់ DMC ក្រោមការឧបត្ថម្ភពីសំណាក់ទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់(GIZ) និងសេវាកម្មស៊ីវិលសន្តិភាពអ៊ឺរ៉ុប(ZFD) ផ្តោតទៅលើកម្រងសាច់រឿងដែលមិនសូវទទួលបាន ការផ្តោតយកចិត្តទុកដាក់ រាប់ចាប់តាំងពីជីវិតរស់នៅរបស់មនុស្សមានទេពកោសល្យក្នុងមជ្ឈឹមវ័យ ដែលខ្សែជីវិតត្រូវឆ្លងចូលមកកាន់បរិបទជីវិតសម័យទំនើប ការរស់នៅរបស់អតីតទាហានខ្មែរក្រហម ហានិភ័យនៃនិរន្តភាពរបស់សម្បត្តិវប្បធម៌បេតិកភ័ណ្ឌ ក្តីសង្ឃឹមថ្មីផ្នែកអប់រំនិងវិទ្យាសាស្រ្តរបស់ប្រទេសកម្ពុជា។
សូមជម្រាបជូនថា បន្ទាប់ពីទទួលបានជោគជ័យដ៏ប្រសើរក្នុងគម្រោងដដែលក្នុងរដូវកាលទី១ កាលពីឆ្នាំ២០១៥ នេះជាឆ្នាំទី២ហើយ ដែល GIZ និងZFD បានជួយឧបត្ថម្ភគាំទ្រ និងផ្តល់ប្រឹក្សាផ្នែកបច្ចេកទេស ដល់ក្រុមនិសិ្សត DMC ឆ្នាំទីបី ក្នុងការចងក្រងផលិតវីដេអូឯកសារខ្លី Project 3 ឲ្យមានឱកាស និងសក្តានុពលក្នុងការផ្តល់សារ និងរំលេចឡើងនូវបញ្ហាបូករួមនិងដំណោះស្រាយ ក្នុងពេលបរិបទសង្គមកម្ពុជាមានការប្រែប្រួលដ៏ឆាប់រហ័សនារយៈពេល១៦ឆ្នាំចុងក្រោយនេះចាប់តាំងពីសង្គ្រាមបានផុតរលត់ទៅ។
ក្រុមនិស្សិតជាផលិតករខ្សែភាពយន្តខ្លីទាំង៨នេះ មានសង្ឃឹមយ៉ាងមុតមាំថា ខ្សែភាពយន្តឯកសារខ្លីទាំង៨រឿងនេះ តិចឬច្រើន ជាវិភាគទានរបស់យើងខ្ញុំក្នុងការចូលរួមចំណែក ការចង្អុលបង្ហាញនូវសំណុំរឿងដែលមិនសូវទទួលបានការអើពើជាផ្នែកមួយ ក្នុងការបោះជំហានទៅរកដំណោះស្រាយដ៏សមស្របដើម្បីការវិវឌ្ឍទៅមុខប្រកបភាពសុខដុមរមនានៃកម្ពុជា៕