ឯកអគ្គរដ្ឋទូត EU ប្រចាំកម្ពុជា សាទរចំពោះលទ្ធផលចុះឈ្មោះបោះឆ្នោតថ្មី នៅកម្ពុជា
16-12-2016 16:22
(ភ្នំពេញ)៖ នៅក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និង មូលនិធិខុនរ៉ាដ រួមទាំងអង្គការ UNOPS នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះ លោក ចច អេដហ្គឺ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានសាទរចំពោះលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ប្រកបដោយជោគជ័យនៅកម្ពុជា ហើយថានេះជាជំហានដំបូង នៃការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
លោក ចច អេដហ្គឺ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានបន្ថែមថា សម្រាប់ការបោះឆ្នោតនៅថ្ងៃខាងមុខនេះ សហភាពអឺរ៉ុប នឹងបន្តជួយ គ.ជ.ប ជាបន្តទៀត ដោយចាប់ពីពេលពេលនេះ សហភាពអឺរ៉ុបផ្តល់ជំនាញការផ្នែកច្បាប់០១ រូប គឺលោកដេស ប៉ាលីយ៉ែរ អេរិក ហើយនៅចុងខែធ្នូ ឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ ជំនាញការផ្នែកអប់រំសាធារណជន ០១រូបទៀតនឹងមកដល់។
នៅក្នុងជំនួបពិភាក្សាការងារនេះមានការចូលរួមពី លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លោក ចច អេដហ្គឺ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោក រ៉េណេ ហ្រ្គេដវ៉ុល តំណាងមូលនិធិខុនរ៉ាដ រួមជាមួយតំណាងអង្គការ UNOPS។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងស្វាគមន៍ចំពោះអង្គការខុនរ៉ាដ ក្នុងការផ្តល់ជំនាញការ០២រូប ដែលជាជំនួយរបស់ សហភាពអឺរ៉ុប។ លោក ស៊ិក ប៊ុនហុក បានស្នើឲ្យអ្នកជំនាញការជួយពិនិត្យមើល និងផ្តល់ជាអនុសាសន៍លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្របា់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៤។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ គ.ជ.បកំពុងរៀបចំបោះពុម្ពបញ្ជីបោះឆ្នោតដំបូង ដើម្បីយកទៅបិទផ្សាយជាសាធារណៈ នៅតាមឃុំសង្កាត់ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។ ចំពោះការប្តឹង និងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធ នឹងបញ្ជីបោះឆ្នោតដំបូង ត្រូវប្រើរយៈពេល៣៨ថ្ងៃទើបចប់។ គ.ជ.ប នឹងផ្តល់សុពលភាពជាបញ្ជីបោះឆ្នោតផ្លូវការនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧៕