(ភ្នំពេញ)៖ បុរសម្នាក់ដែលជាគេស្គាល់ថា ជាកំពូលចោរលីអូ ប្រចាំខេត្តព្រៃវែង និង ចេញប្លន់សម្លាប់តាមបណ្ដាខេត្តផ្សេងទៀតនោះ ត្រូវបានអនុរក្សពន្ធនាគារនាំខ្លួន មកកាន់សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីជំនុំជម្រះបទល្មើសឃាតកម្ម មានស្ថានទម្ងន់ទោសដោយសារមានទារុណកម្មរំលោភសេពសន្ថវៈ។
សវនាការនេះ ដឹកនាំដោយ លោក ចាយ ច័ន្ទតារាវណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក អ៊ឹម សុផាន ជាតំណាងមហាអយ្យការ ។ ជនជាប់ចោទមានឈ្មោះ ឡាយ ផៃ អាយុ៤១ឆ្នាំ ត្រូវបានសាលាដំបូងខេត្តព្រៃវែង ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្មដោយមានទារុណកម្ម រំលោភសេពសន្ថវៈ» តាមមាត្រា២០៥នៃក្រមព្រហ្មទណ្ឌ ។ ប៉ុន្តែការសម្រេចនេះ ជនជាប់ចោទបានប្តឹងមកសាលាឧទ្ធរណ៍ ។
ក្រោយការសួរដេញដោលពេញមួយព្រឹក សាលាឧទ្ធរណ៍សម្រេចលើកពេលប្រកាសសាលដីកាទៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះវិញ។
មជ្ឈដ្ឋានមួយចំនួន រង់ចាំមើលថា តើជោគវាសនារបស់មេចោរលីអូនេះ នឹងទៅជាយ៉ាងណា ខណៈមានព័ត៌មានមិនច្បាស់ការណ៍ថា អាចនឹងមានការលើកលែង ការចោទប្រកាន់ ព្រោះតែសំអាងថា គ្មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់។
ទោះបីយ៉ាងណា ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង អ្នកណាក៏ដឹងដែរថា មេចោរលីអូ ឡាយ ផៃ គឺជាមនុស្សកាចសាហាវណាស់ មិនត្រឹមតែប្លន់សម្លាប់នោះទេ ថែមទាំងប្រព្រឹត្តបទល្មើស ជាច្រើនករណីទៀត ទម្រាំសមត្ថកិច្ចបំបែកសំណុំរឿងនេះ ឈានដល់ការចាប់ខ្លួនជនល្មើស ៕