(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងឲ្យដឹងថា ថ្វីត្បិតតែវិស័យសារព័ត៌មាននៅកម្ពុជា កំពុងតែមានភាព ល្អប្រសើរ និងបានឈរលើលេខរៀងដ៏ល្អ ក្នុងបណ្ដាប្រទេសអាស៊ានកាលពីឆ្នាំកន្លងទៅក្ដី តែយើងមិនត្រូវឈរទៅលើលេខរៀងនោះទេ គឺត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ពិសេសត្រូវរៀនសូត្របទពិសោធន៍ពីគេ ទាំងភាពជោគជ័យ និងបរាជ័យ ដើម្បីដឹងថា តើគេដើរដល់ ណាហើយ គេមានបញ្ហាអ្វីខ្លះ ដែលជាកត្ដាសំខាន់បំផុតនោះ ។
លោករដ្ឋមន្ដ្រី បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ការប្រៀបធៀបស្ថានភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងបណ្តាប្រទេសអាស៊ាន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅឯភោជនីយដ្ឋាន ទន្លេបាសាក់២»។
លោករដ្ឋមន្ដ្រីបន្ដថា «កម្រិតវិជ្ជាជីវៈអ្នកកាសែតយើងគ្រាន់បើហើយ មិនចាញ់ក្នុងចំណោមប្រទេសអាស៊ានទេ ដោយការយកព័ត៌មាន របស់យើងល្អហើយ តែយើងនៅមានចំណុចខ្សោយខ្លះ នោះគឺចំណុចវិភាគព័ត៌មានពីសា្ថនការ ឬស្ថានភាពតំបន់នៅមានតិចព្រោះអ្នក កាសែតកម្ពុជាយើង ការអាន ការរៀនមើល គឺតិចណាស់ ចឹងការរៀនមើលទស្សនាវដ្ដី និងការសែតស្រុកគេជាអន្ដរជាតិគឺជាការផ្នែក ដ៏សំខាន់ ដើម្បីមានភាពចាស់ទុំ ក្នុងការសរសេររឿង និងវិភាគពីស្ថានការនៅក្នុងតំបន់»។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងថា «ពិតណាស់វិស័យសារព័ត៌នៅកម្ពុជា មានភាពល្អប្រសើរតែយើងត្រូវ រត់តាមសេចក្ដីត្រូវការរបស់ប្រជាជនបន្ថែមទៀត ព្រោះសម័យនេះមានភាជឿនលឿនខុសពីពេលនេះខុសពីមុនដូច្នេះ យើងត្រូវទាមទារ ចេះភាសាអង់គ្លេស , និងស្វែងយល់ពីវិជ្ជាជីវៈឲ្យបានខ្ពស់បន្ថែមទៀត ដើម្បីរត់ឲ្យឆ្លាយ យល់ឲ្យច្បាស់ លក្ខណៈក្នុងក្របខ័ណ្ឌក៏ដូចជា ក្នុងតំបន់ និងអន្ដរជាតិ ដែលវានឹងធ្វើឲ្យខ្លួនយើងក្លាយជាអ្នកកាសែតអន្ដរជាតិ មិនត្រឹមតែមើលតែអ្វីនៅជុំវិញខ្លួននោះទេតែយើងសម្លឹង មើល និងដឹងពីស្ថានការលើពិភពលោក ដើម្បីទទួលបានព័ត៌មានមួយដែលគ្រប់ជ្រុងជ្រោយ និងទាន់សភាពការណ៍ ដូច្នេះត្រូវតែប្រឹងប្រែង ពង្រឹងបន្ថែម»។
លោកបន្ដ ឥលូវនេះក្លឹបអ្នកកាសែតកម្ពុជា បានចាប់ដៃគូជាមួយក្លឹបអ្នកកាសែតថៃ ហើយយើងកំពុងតែត្រៀម ជាសមាជិករបស់ សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន ដើម្បីដើរជាមួយគេឲ្យកាន់តែជិតស្និទ្ធ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក ដើម្បីស្វែងយល់ពីគេ គេស្វែងយល់ពីយើង ហើយយើងនឹងបញ្ជូនអ្នកកាសែតយើងទៅទស្សនកិច្ចស្វែងយល់ទៅតាមបណ្ដាល ប្រទេសជាបន្ដទៀត ដែលនេះ ជាអ្វីដែល ក្លឹបអ្នកកាសែតកម្ពុជា កំពុងតែខិតខំប្រឹងប្រែងធ្វើបន្ថែមទៀតនេះ៕