(កណ្តាល)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ សហកាជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំពិធីផ្តល់ឈាម ដើម្បីអបអរសាទរ និងជាកាដូឆ្នាំថ្មីជូនជាតិប្រជាជន។
សកម្មភាពមនុស្សធម៌ខាងលើនេះ មានការចូលរួមពីលោកមេបញ្ជាការខេត្ត លោកឧត្តមសេនីយ៍ត្រី សំ តុលា លោកមេបញ្ជាការរង រងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុកទាំង១១ ព្រមទាំងនាយទាហាន និងនាយរងទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលចំនួន១៨០នាក់ និងយុវជនខេត្តកណ្តាលចំនួន៥នាក់ ដែលស័្មគ្រចិត្តមកផ្តល់ឈាមដើម្បីជាតិ មាតុភូមិ មហាគ្រួសារខ្មែរ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានលើកឡើង អនុវត្តតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះដែលជា យន្តការដឹកនាំ ដ៏មានប្រសិទ្ធភាពរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឲ្យនាយ នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់បានយកអស់ស្មារតី អនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងពេលចុងឆ្នាំនេះ កម្លាំងកងរាជអាវុធហត្ថ បានត្រៀមរួចជាស្រាច ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងកំពុងខ្វះឈាម និងគ្រោះមហន្តរាយផ្សេងៗ។
លោកមេបញ្ជាការ បានបញ្ជាក់ថា កងរាជអាវុធហត្ថខេត្ត បានធ្វើជាគំរូល្អ និងមានស្នាដៃល្អ ដោយឈរលើការគោរពបទបញ្ជា ការគោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេស មានឆន្ទះក្នុងការការពារនិងបំរើប្រជាជន។
ជាមួយនោះផងដែរ កងរាជអាវុធហត្ថខេត្ត ក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារពង្រឹង សន្តិសុខ ស្ថេរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្តបានបង្កើតនូវ សមទ្ធផល ជាច្រើន សម្រាប់អង្គភាព ជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្ត បានចូលរួមសហការចុះជួយដល់ ប្រជាពលរដ្ឋគ្រប់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ៕