(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសម្របសម្រួលនិង ដោះស្រាយ បញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ២ករណីផ្សេងគ្នា ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ទាំងសងខាង ក្នុងស្រុកក្រគរ «គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»។
ក្នុងកិច្ចដោះស្រាយទំនាស់ដីធ្លីខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំឈើតុំ ដែលស្ថិតក្នុងភូមិឈើតុំ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ប៊ិន វណ្ណា អភិបាលស្រុក អាជ្ញាធរស្រុក និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ម៉ៅ ធនិន បានថ្លែងទៅកាន់ភាគីដែលពាក់ព័ន្ធថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា តម្រូវឲ្យភាគីទាំងសងខាង បើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក លោកនឹងធ្វើការដោះស្រាយជូន។
លោកថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព បងប្អូន ជីដូន ជីតា កូននិងចៅ គឺមានជារៀងរហូត»។ លោកអភិបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីលោកមកដឹកនាំយន្តការខេត្ត គឺលោកបានដោះស្រាយ បញ្ចប់បញ្ហាទំនាស់ដីធ្លីបានជាង១២០ករណីមកហើយ ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា។
ចំពោះបញ្ហាទំនាស់ដីធ្លីនាពេលនេះ គឺកើតមានជាយូរយារណាស់មកហើយ រហូតឡើងទៅដល់សាលាឧទ្ទរ នៃរាជធានីភ្នំពេញនៅតែ មិនចប់ ដូច្នេះបើបងប្អូននៅតែបន្ត គឺគ្មានអ្វីដែលនៅសេសសល់នោះទេ តែបើបងប្អូនយល់ព្រមតាមការសម្របសម្រួលនិងស្រុះស្រួលគ្នា ហើយនោះ លោកនឹងបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ ព្រមទាំងចាត់ឲ្យមន្ទីរជំនាញ រៀបចំប្លង់កម្មសិទ្ធិជូនឲ្យបានឆាប់រហ័ស។
សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត ក្រៅប្រព័ន្ធតុលាការ របស់លោក ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសងខាង យល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងពីតុលាការវិញ ដើម្បីបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ ដោយករណីទី១ ភាគី(ក) ចាន់ រី ទទួលបានដីទំហ៊ុ ១៤x២៥ម៉ែត្រ ហើយភាគី(ខ) ផ្លុង សុខុន ទទួលបានដីទំហ៊ុ ១០x២៥ម៉ែត្រ និងករណីទី២ ភាគី(ក) យោ ម៉ាត់ ទទួលបានដី ១,៥ហិកតា ហើយភាគី(ខ) រួន សុះ ទទួលបានដី ១,៧ហិកតា។
បងប្អូនប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវការសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអភិបាលខេត្ត ដែលបានចំណាត់ការដោះស្រាយ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបន្តជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនក្រុមគ្រួសារម៉ូតូឌុប និងប្រជា ការពារ នៅក្នុងឃុំនោះផងដែរ៕