(ភ្នំពេញ)៖ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន៥នាក់ ដែលបានបាញ់សម្លាប់មន្ដ្រីកងរាជអាវុធហត្ថ ពេលចូលបង្ក្រាបនោះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារពី៤ឆ្នាំ ដល់៥ឆ្នាំ។ នេះបើតាមមន្ដ្រីតុលាការប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។
មន្រ្តីតុលាការបញ្ជាក់ថា ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសកាលពីម្សិលមិញនោះ ទី១៖ឈ្មោះ លី វីរៈ ភេទប្រុស អាយុ៣៧ឆ្នាំ ទី២៖ឈ្មោះ ទី អៀង ភេទប្រុស អាយុ៤៦ឆ្នាំ និងទី៣៖ឈ្មោះ ស៊ុន ដារ៉ូ ហៅឈិត ភេទប្រុស អាយុ២៣ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល៥ឆ្នាំពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទចូលរួមក្នុងក្រុមឧក្រិដ្ឋជន។ ចំណែកទី៤៖ឈ្មោះ លី កុកហ៊ុយ ហៅប៉ា ហ្គិច ភេទប្រុស អាយុ៦៤ឆ្នាំ និងទី៥៖ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវដាក់ពន្ធនាគារកំណត់រយៈពេល៤ឆ្នាំ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បើចម្លើយសារភាពរបស់ជនជាប់ចោទទី១៖ ឈ្មោះ លី វីរៈ អាយុ៣៧ឆ្នាំ បានឆ្លើយនាពេលសវនាការថា ខ្លួនបានស្គាល់ឈ្មោះ លឹម តេង (ស្លាប់) ការនៅជាប់ពន្ធនាគារជាមួយគ្នា។ ក្រោយពេលចេញពន្ធនាគារ ក៏បានជួបគ្នាដោយចៃដន្យ ពេលនោះក៏បានសុំលេខទូរស័ព្ទគ្នាទៅវិញទៅមក ហើយគាត់ក៏បានតេ មកខ្ញុំឲ្យយក់ថ្នាំញៀន ទៅឲ្យគេបានបីដង។ ដោយឡែកជនជាប់ចោទឈ្មោះ លី កុកហ៊ុយ ហៅប៉ា ហ្គិច អាយុ៦៤ឆ្នាំ បានឆ្លើយបដិសេធថា ខ្លួនមិនដឹងរឿងនេះទេ និងឈ្មោះ ទី អៀង អាយុ៤៦ឆ្នាំ បានឆ្លើយបដិសេធដែល រីឯជនជាប់ចោទឈ្មោះ ស៊ុន ដារ៉ូ ហៅឈិត អាយុ២៣ឆ្នាំ ក៏បានឆ្លើយបដិសេធថាខ្លួនមិនដឹងរឿងនេះទេ និង៥ឈ្មោះ ត្រាវ រិទ្ធារ៉ា អាយុ១៨ឆ្នាំ បានឆ្លើយថា «ថ្ងៃកើតហេតុនោះគឺពូ រស់ ឧស្សាហ៍ បានឲ្យខ្ញុំមកថតកាត់គ្រីឡានពីឈ្មោះ លឹម តេង ហើយពេលនោះក៏ត្រូវសមត្ថកិច្ចឃាតខ្លួនតែម្តង»។
គួររំឮកថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន ដោយមានការផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឲ្យកងកម្លាំងអាវុធហត្ថមួយរូបឈ្មោះ ទៀ ករុណា បានស្លាប់នៅពេលដែលចុះបង្ក្រាប ហើយជនដៃដល់ក្នុងអំពើជួញដូរគ្រឿងញៀននេះឈ្មោះ លឹម តេង មេក្លោងក៏បានត្រូវកងកម្លាំងបាញ់ ស្លាប់កន្លែងកើតហេតុតែម្ដង៕