(ព្រៃវែង)៖ លោក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានសមាគម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញបន្តជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន៦៦៦នាក់ នៅស្រុកមេសាង និងស្រុកបាភ្នំ ខេត្តព្រៃវែង។
ការជួបសំណេះសំណាល និងសួរសុខទុក្ខលើកទី១ បានធ្វើឡើងនៅសាលាស្រុកមេសាង ដោយមានសមាជិកអតីតយុទ្ធជនកម្ពុជាចំនួន២៣៤នាក់ ចាប់ពីវេលាម៉ោង៨ដល់ម៉ោង៩៖៣០នាទីព្រឹកថ្ងៃនេះ។ បន្ទាប់ពីបញ្ចប់ការសំណេះសំណាលរួចមក លោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមការងារចុះទៅជួបជាមួយ បងប្អូនសមាជិកអតីតយុទ្ធជនកម្ពុជាមកពីស្រុកបាភ្នំ ចំនួន៤៣២នាក់ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា ស្រុកបាភ្នំ ចាប់ពីម៉ោង១០៖១៥ ដល់វេលាម៉ោង១១៖៤៥នាទី។
នៅចំពោះមុខបងប្អូនសមាជិកអតីតយុទ្ធជនកម្ពុជាខាងលើនេះ លោក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរជាប្រចាំចំពោះការរស់នៅ និងប្រកបរបររកចិញ្ចឹមជីវិតរបស់បងប្អូន ហើយចាត់ឲ្យក្រុមការងារទាំងអស់តាមដាន និងចុះសួរនាំដោយផ្ទាល់ផងដែរ។
លោក ហ៊ុន ម៉ាណែត ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនទាំងអស់ ដែលធ្លាប់បានចូលរួមបូជាទាំងកម្លាំងកាយ កម្លាំងចិត្តគ្រប់បែបយ៉ាង សម្រាប់មាតុភូមិរបស់យើងនាពេលអតីតកាល និងរហូតមកដល់ពេលនេះ៕