(ភ្នំពេញ)៖ កងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ រួមមាន កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងកងយោធពលខេមរភូមិន្ទ បានត្រៀមរួចរាល់ហើយ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៃព្រះរាជដំណើររបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ នៅពេលទ្រង់យាងទៅខេត្តព្រះសីហនុ តាមផ្លូវរថភ្លើង នាបំណាច់ឆ្នាំ២០១៦នេះ។ នេះការលើកឡើងរបស់ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោមបញ្ចប់កិច្ចប្រជុំរៀបចំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ នៅថ្ងៃដំបូងនាព្រឹកថ្ងៃនេះ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានប្រាប់ក្រុមអ្នកកាសែតថា «ក្រោយបញ្ចប់កិច្ចប្រជុំនេះ យើងសម្រេចបានជោគជ័យច្រើន នូវអ្វីដែលយើងបានត្រៀមរៀបចំការពារសុវត្ថិភាពថ្វាយព្រះករុណា និងសម្ដេចតេជោ នាយករដ្ឋមន្ដ្រី ព្រោះថា ការអញ្ជើញលើកនេះ មានលក្ខណៈធំណាស់ ហើយយើងបានរៀបចំបែងចែកភារកិច្ចរវាងនគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ អំពីភារកិច្ចដែលខ្លួនត្រូវទទួលខុសត្រូវ ការពារសុវត្ថិភាពនេះ»។
លោកឧត្តមសេនីយ៍ បន្ថែមថា «យើងមានកម្លាំងការពារតាមដងផ្លូវ កម្លាំងប្រមូលផ្ដុះព័ត៌មាន កម្លាំងអន្ដរាគមន៍ ហើយយើងក៏បានត្រៀមកម្លាំងសុខាភិបាល ចំពោះប្រជាពលរដ្ឋដែលមកចូលរួម ដូច្នេះកម្លាំងយើងមានគ្រប់គ្រាន់ដើម្បីការពារព្រះករុណា ជាមួយសម្ដេចតេជោ»។ ប៉ុន្ដែទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ បានថ្លែងថា កិច្ចប្រជុំមិនទាន់បានបញ្ចប់ជាស្ថាពរនៅឡើយទេ ហើយកិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងលម្អិតបន្ថែមទៀតនៅពេលក្រោយ។
បើតាមរបាយការណ៍បឋម របស់អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធដែលដាក់ការពារតាមដងផ្លូវ ក្បូនព្រះរាជដំណើរ ពីរាជធានីភ្នំពេញ និងបណ្ដាខេត្ត ដល់ក្រុងព្រះសីហនុ សរុបជាច្រើនពាន់នាក់។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោក យូរ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងមានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងអាវុធហត្ ថនៃខេត្តពាក់ព័ន្ធផងដែរ។
ងាកទៅព្រះរាជដំណាក់របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុឯណោះវិញ បាននឹងកំពុងរៀបចំជួសជុល យ៉ាងប្រណិត ដើម្បីត្រៀមសម្រាប់ទទួលការយាងរបស់ព្រះអង្គទាំងទ្វេរ នាបំណាច់ចុងឆ្នាំ២០១៦ ពោលគឺនៅថ្ងៃទី៣០ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។ ព្រះអង្គនឹងយាងតាមរថភ្លើងជាលើកដំបូងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលអមដំណើរដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់ព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម មិនមែនដូចការអត្ថាធិប្បាយមួយចំនួន ដែលថាកសាងឡើង នៅសម័យអាណានិគមបារាំងនោះទេ៕