(កណ្ដាល)៖ លោកទេសរដ្ឋមន្រ្តី ហឹុម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលាពិភាក្សាជាមួយមេដឹកនាំសាសនានៅកម្ពុជា ដើម្បីប្រមូលគំនិតយោបល់នានា យកទៅអប់រំផ្សព្វផ្សាយបន្ត ក្នុងឱកាសប្រារព្ធទិវាសកម្មភាពសាសនាដើម្បីកុមារ និងតួនាទីមេដឹកនាំសាសនា ក្នុងកិច្ចការការពារកុមារនៅកម្ពុជា។
លោក សេង សុមុន្នី អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា សិក្ខាសាលានេះ ធ្វើឡើងដោយមានការចូលរួម ពីថ្នាក់ដឹកនាំនៃក្រសួងធម្មការ ប្រធានមន្ទីរធម្មការគ្រប់រាជធានី-ខេត្ត តំណាងព្រះសង្ឃនៃព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា កុមារ និងអង្គការដៃគូនានាៗ សរុបជាង១០០អង្គ/នាក់ នាសាលាខេត្តកណ្ដាល។
លោក សេង សុមុន្នី បានបន្តថា «សិក្ខាសាលានេះរៀបចំឡើង ដើម្បីប្រមូលផ្តុំគំនិតល្អៗ របស់មេដឹកនាំសាសនានៅកម្ពុជា មកអប់រំផ្សព្វផ្សាយ នាឱកាសប្រារព្ធទិវាសកម្មភាពសាសនាដើម្បីកុមារ និងតួនាទីមេដឹកនាំសាសនា ក្នុងកិច្ចការការពារកុមារនៅកម្ពុជា»៕