(កណ្តាល)៖ យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង នៅវេលាទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល បណ្ដាលមកពីអ្នកបើកបរ រថយន្ត ១គ្រឿង បើកបរក្នុងសភាពងងុយដេក ជ្រុលធ្លាក់ពីលើផ្លូវហួសទៅបុករបងផ្ទះប្រជាពលរដ្ឋ ក្រឡាប់បះជើងជ្រងោ។
នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉នដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-1208 អ្នកបើកបរមិនស្គាល់ឈ្មោះ ព្រោះរត់គេចខ្លួនបាត់ រួមនឹងអ្នករួមដំណើរ ៤នាក់ទៀត ទី១.ឈ្មោះ នង ងន់ឡែន អាយុ២៦ឆ្នាំ ជាម្ចាស់រថយន្ត (របួសធ្ងន់), ទី២.ឈ្មោះ ធី ធឿន អាយុ៤៨ឆ្នាំ, ទី៣.ឈ្មោះ ធឿន ថុន អាយុ២១ឆ្នាំ អ្នកទាំងពីររស់នៅភូមិទួលវែង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទី៤.ឈ្មោះ រឿន ឡៃ អាយុ៣០ឆ្នាំ នៅភូមិគមហា ឃុំវិហារគ៍ ធំស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ រថយន្តបង្កបើកក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុអ្នកបើកបរងងុយ ដេកងោក ដោយសារស្ថានភាពផ្លូវកោង ក៏ជ្រុលចង្កូតធ្លាក់ផ្លូវ ទៅបុករបងផ្ទះប្រជាពលរដ្ឋក្បែរផ្លូវក្រឡាប់បះជើង បណ្តាលឲ្យអ្នករួម ដំណើររងរបួសធ្ងន់ស្រាល៤នាក់ ចំណែកអ្នកបើកបរព្យាយាមរត់គេចបាត់។
ក្រោយកើតហេតុ នគរបាលបានបានចុះទៅអន្តរាគមន៍ ហៅរថយន្តសង្គ្រោះទៅដឹកជនរងគ្រោះ ទាំង៤នាក់ បានបញ្ចូនទៅព្យាបាលនៅ មន្ទីរពេទ្យភ្នំពេញ ចំណែករថយន្តបង្កស្ទូចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីដោះស្រាយគ្នាតាមក្រោយ៕