(ភ្នំពេញ)៖ ក្រុមចោរទាក់ឆ្កែដ៏សកម្មក្នុងមូលដ្ឋានចំនួន ២នាក់ បានលួចចូលទាក់ឆ្កែរបស់ចំនួន ៣ក្បាល បានសម្រេច តែរត់មិនរួចត្រូវបាននាយរងប៉ុស្តិ៍ជាម្ចាស់ឆ្កែ តាមទាន់ក្របួចជាប់ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ជុំ ជឺន ហៅអារ៉ែង អាយុ៣៤ឆ្នាំ, ទី២.ឈ្មោះ ភាន ទិត្យ ហៅរ័ត្ន អាយុ២២ឆ្នាំ ស្នាក់នៅជាមួយគ្នា នៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខាងលើ។ចំណែកនាយរងប៉ុស្តិ៍ជាម្ចាស់ឆ្កែ​ មានឈ្មោះ ថេង ធុច អាយុ៤០ឆ្នាំ រហ័ស្សនាម១៧អា។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យខាងលើ បាននាំគ្នាធ្វើសកម្មភាព ទាក់ដេញវាយឆ្កែទាំងនោះ បណ្ដាលឲ្យងាប់ជាបន្តបន្ទាប់ចំនួន ៣ក្បាល នៅក្នុងពេលនោះ ត្រូវបានម្ចាស់ឃើញទាន់ ក៏បានឃាត់ខ្លួនបានម្នាក់ភ្លាមៗ នៅនឹងកន្លែង។

បន្ទាប់មកបានប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ ឲ្យចុះទៅជួយធ្វើការឃាត់ខ្លួនបក្សពួកម្នាក់ទៀត និងដកហូតបានឆ្កែងាប់ចំនួន ៣ក្បាល ក្នុងនោះមានឆ្កែ១ក្បាល បានកោសរោមរួចទៀតផងដែរ ក្រោយពេលចាប់ខ្លួន នគរបាលបាននាំជនទាំង២នាក់នោះ ទៅកាន់ប៉ុស្ដិ៍ចោមចៅ ដើម្បីសាកសួរ និងកសាងសំណុរឿង​ចាត់ការតាមច្បាប់៕