(ពោធិ៍សាត់)៖ ឈើប្រភេទហាមឃាត់ រាជថ្កុល (ឈើម្រេញ) ពេញ១រថយន្តយីឌុប ដែលឈ្មួញគគ្លើន ដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការជាមួយកម្លាំង អាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបបានក្នុង បទល្មើសដឹកជញ្ជូនជាក់ស្តែង។
សមត្ថកិច្ចបាន្យដឹងថា ការបង្រ្កាបខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានបន្តថា រថយន្តយីឌុបដឹកឈើម្រេញនេះ ត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ដើម្បីឲ្យខាងជំនាញរដ្ឋបាលព្រៃឈើ ចូលរួមធ្វើការវាស់វែង ពិនិត្យរួមគ្នា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ តាមនីតិវិធីចាត់ការបន្តកសាង សំណុំរឿងទៅសាលាដំបូងខេត្ត។
សមត្ថកិច្ចបន្ថែមថា មនុស្សម្នាក់ក៏ត្រូវបានឃាត់ខ្លួនយកមកធ្វើការសាកសួរដែរ ដើម្បីឈានដល់ការស្វែងរកមេក្លោងកាប់បំផ្លាញ និងដឹកជញ្ជូនឈើដ៏កម្រ ហើយច្បាប់ហាមឃាត់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ប្រភពពីឈ្មួញមួយចំនួន បានបង្ហើបថា មេក្លោងរកស៊ីប្រមូលទិញឈើពីការកាប់បំផ្លាញ នៅតំបន់ខេត្តពោធិ៍សាត់ ខេត្តកោះកុង គឺមានឈ្មោះ ង៉ោ ម៉ៅ ហើយរថយន្តដឹកឈើនេះ ក៏ជារបស់ឈ្មួញរូបនេះដែរ ដូច្នេះសមត្ថកិច្ចងាយស្រួល នឹងបន្តនីតិវិធីរកពីសាវតា ជនល្មើសនេះ យកទៅផ្តន្ទាទោសឲ្យខានតែបាន៕