(កំពង់ឆ្នាំង)៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ឡុច វណ្ណារ៉ា បានបញ្ជាក់ថា នៅព្រឹកមិញ វេលាម៉ោងជាង៦ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្ត នីសាន់ដឹកអុស បានបុករថយន្តដឹកកម្មករ បណ្តាលឲ្យរងរបួស២៩នាក់ មានប្រុស២នាក់ ហើយរបួសធ្ងន់៤នាក់ ក្នុងនោះស្រ្តីពោះធំ (ពរពោះ) ៣នាក់ផងដែរ។
បើតាមលោកស្នងការ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅតាមផ្លូវជាតិលេខ៥ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ខណ:ជនរងគ្រោះជាកម្មករ កំពុងធ្វើដំណើរទៅធ្វើការនៅតាមរោងចក្រចំនួន៣។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា មុនពេលកើតហេតុ រថយន្តដឹកកម្មករបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ស្រាប់តែដល់ចំណុចកើតហេតុ រថយន្តនីសាន់ដឹកអុស បានគេចជង្ហុក ក៏រេចង្កូតមកបុករថយន្តជនរងគ្រោះតែម្តង។
សម្រាប់ជនរងគ្រោះទាំងនេះ មិនមែនអ្នករស់នៅខេត្តកំពង់ឆ្នាំងឡើយ គឺជាអ្នករស់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយត្រូវបានដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ។
សម្រាប់រថយន្តទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅកន្លែងសមត្ថកិច្ចដើម្បីរង់ចាំការដោះស្រាយបន្តទៀត ខណ:អ្នកបើកបរបានរត់គេចខ្លួនបាត់។