(ភ្នំពេញ)៖ វិមានព្រឹទ្ធសភានៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានសភា ដើម្បីកំណត់កាលបរិច្ឆេទបើកសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភា។
តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃដដែលនេះ បានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា បានសម្រេចយកថ្ងៃចន្ទ ទី១៩ ខែធ្នូ សប្តាហ៍ក្រោយ វេលាម៉ោង ៨ព្រឹក បន្តសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៣ ដោយមានរបៀបវារៈតែមួយគត់ គឺពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។
សូមបញ្ជាក់សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិការបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ត្រូវបានរដ្ឋសភាពិនិត្យ និងអនុម័តកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ ដោយមានការចូលរួមពីតំណាងរាស្រ្តមកពីគនបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ៕