(វ៉ាស៊ីនតោន)៖ នៅទីបំផុតសេចក្តីព្រាងច្បាប់ស្តីពីការបន្ថែមរយៈពេល១០ឆ្នាំទៅលើ «ការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់» ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាសហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានចូលជាធរមានពេញលេញហើយ នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែធ្នូនេះ ទោះបីជាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មិនបានចុះហត្ថលេខាយ៉ាងណាក្តី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ដែលដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍ខាងលើ បានលើកឡើងដូច្នេះថា «រដ្ឋបាលអាមេរិកបច្ចុប្បន្នបានបញ្ជាក់យ៉ាងច្បាស់ថា ការបន្ថែមរយៈពេលនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ឬហៅកាត់ថា ISA ទោះបីមិនសូវជាចាំបាច់ តែស្របទៅនឹងការប្តេជ្ញារបស់យើងចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ទាំងស្រុង ហើយនាពេលនេះសេចក្តីព្រាងច្បាប់ស្តីពីការបន្ថែមរយៈពេល១០ឆ្នាំទៅលើ ISA បានចូលជាធរមានពេញលេញ ដោយគ្មានហត្ថលេខារបស់ប្រធានាធិបតីអាមេរិកឡើយ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់បានចោទថាទង្វើនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់កិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ជាមួយនឹងមហាអំណាចពិភពលោកទាំង០៦ រួមមាន អាមេរិក រុស្ស៊ី ចិន បារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ស្តីពីការគ្រប់គ្រងសកម្មភាពនុយក្លេអ៊ែរបស់ទីក្រុងតេហេរ៉ង់ ជាថ្នូរសម្រាប់ការដកទណ្ឌកម្ម មួយចំនួនចេញវិញ ហើយប្រធានាធិបតីអ៊ីរ៉ង់ក៏បានព្រមានថា នឹងធ្វើការសងសឹកតបតទៅវិញថែមទៀតផង។
ដោយឡែកច្បាប់ ISA (Iran Sanctions Act) ដែលដើមឡើយត្រូវផុតសុពលភាពនៅចុងឆ្នាំ២០១៦នេះហើយនោះ នឹងត្រូវបន្តរហូតដល់ឆ្នាំ២០២៦៕