(កំពង់ស្ពឺ)៖ នៅក្នុងឆ្នាំ២០១៦នេះ សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបានផ្តល់ផ្ទះសរុប ២០ ខ្នងជូនអតីតយុទ្ធជននៅក្នុងខេត្តតាកែវ កំពត និងកំពង់ស្ពឺ បន្ទាប់ពីរកឃើញថា ពួកគេមានជីវភាពខ្វះខាត និងគ្មានផ្ទះសម្បែងស្នាក់នៅ។
យោងតាមរបាយការណ៍ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំវាយតម្លៃការងារសមាគមអតីតយុទ្ធជននៅបណ្តាខេត្តចំណុះយោធភូមិភាគទី៣នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានគូសបញ្ជាក់ថា តាមរយៈការចុះជួបសំណេះសំណាលដោយផ្ទាល់របស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនបានធ្វើអតីតយុទ្ធជនមានការសប្បាយចិត្ត។ សប្បាយចិត្តព្រោះតែពួកគេបាន ឃើញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រទេស ជាពិសេសសម្តេចតេជោ ហ៊ុន សែន ទៅលើសុខទុក្ខរបស់ពួកគេ។
របាយការណ៍បានគូសបញ្ជាក់ថា «តាមរយៈដំណើរចុះសួរសុខទុក្ខដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឲ្យអតីតយុទ្ធជនមានភាពកក់ក្តៅ ហើយមិនធ្វើឲ្យបងប្អូនអតីតយុទ្ធជនមានអារម្មណ៍ថា ពួកគេឯកោនោះឡើយ ឬមានអារម្មណ៍ថា ពួកគេត្រូវបានគេបំភ្លេចចោលតទៅទៀត»។
របាយការណ៍បន្តថា តាមដំណើរចុះសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ គន់ គីម បានជ្រាបកាន់តែច្បាស់ពីសុខទុក្ខ និងផលលំបាក របស់អតីតយុទ្ធជន ហើយក៏បានជួយដោះស្រាយទុក្ខលំបាករបស់អតីតយុទ្ធជនបានច្រើនថែមទៀតផង។ បើតាមរបាយការណ៍សមាគម អតីតយុទ្ធជន បានជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនគ្មានលំនៅឋានចំនួន ២០ខ្នងជួនអតីតយុទ្ធជនគ្មានលំនៅឋាននៅក្នុងខេត្តតាកែវ កំពង់ស្ពឺ និងកំពត។ ក្នុងនោះខេត្តកំពតសាងសង់ជូនអតីតយុទ្ធជន ១៣ខ្នង ខេត្តតាកែវសាងសង់ជូន ៣ខ្នង និងខេត្តកំពង់ស្ពឺ សាងសង់ជូន ៤ខ្នង។
របាយការណ៍ បានបញ្ជាក់ថា ការបើកផ្តល់មរណសង្រ្គោះជូនគ្រួសារសព មិនមានការយឺតយ៉ាវ ឬ ជំពាក់ប្រាក់សព ដូចមុនទៀតឡើយ។ ជាមួយនោះ សមាគម បានផ្តល់ថវិកាបំរុងឲ្យសមាគមខេត្ត៣ ( កំពង់ស្ពឺ តាកែវ កំពត ) ប្រមាណពី ២០ ទៅ ៤០ លានរៀលសម្រាប់ ត្រៀមដោះស្រាយបើកផ្តល់ជូនគ្រួសារសពឲ្យទាន់ពេលវេលា ករណីមានអតីតយុទ្ធជនមរណភាពលើសពីថវិកាកំណត់។
ទោះបីលទ្ធផលការងារក្នុងឆ្នាំ២០១៦មើលឃើញទទួលបានលទ្ធផលល្អយ៉ាងណាក្តី នៅក្នុងកិច្ចប្រជុំរសៀលថ្ងៃទី១៥ ខែធ្នូ នាយឧត្តម សេនីយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បន្តណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ពង្រឹងសកម្មភាព សមាគមឲ្យបានជាប់ជាប្រចាំ ពិសេសបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជនតាមគ្រួសារនីមួយៗ ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងជួយអន្តរាគមន៍ ដោះស្រាយទុក្ខកង្វល់របស់អតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានណែនាំមេឃុំជាប្រធានកិត្តិយស និងប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និង បង្កលទ្ធភាពឲ្យអតីតយុទ្ធជន បានទទួលសេវាសាធារណៈផ្សេងៗ ហើយក៏ត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រ ទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវ បញ្ជូនទៅអគ្គលេខាធិការដ្ឋាន ដើម្បីស្នើសុំសម្តេចតេជោ ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន៕