(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញមោទនភាព និងរីករាយ ចំពោះការនាំចេញរបស់កម្ពុជារយៈពេល ៤ឆ្នាំចុងក្រោយនេះ មានការកើនឡើងជាបន្តបន្ទាប់។
ថ្លែងក្នុងពិធីសម្ពោធការតាំងពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្តមួយផលិតផលមួយនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា ការនាំទំនិញចេញរបស់កម្ពុជា បានកើនទ្បើងជាលំដាប់ដោយក្នុងនោះទឹកប្រាក់នាំ ចេញទំនិញឆ្នាំ ២០១៣ មានចំនួន ៦,៩ពាន់លានដុល្លារ, ឆ្នាំ ២០១៤ ចំនួន ៧ពាន់លានដុល្លារ និងឆ្នាំ ២០១៥ ចំនួន ៨,៥ ពាន់លានដុល្លារ។ សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០១៦វិញ មានចំនួន ៤,៦ពាន់លានដុល្លារ គឺបានកើនទ្បើងចំនួន ០,៣៨ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥។
លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងដែរថា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់បរិយាកាសធុរកិច្ច ក្រសួងពាណិជ្ជកម្មបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗ និងការបង់ចំណាយលើសេវាតាមប្រព័ន្ធ e-payment នៅទូទាំងប្រទេស ហើយបានកំពុងប្រឹងប្រែងជំរុញការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់វិស័យពាណិជ្ជកម្ម ដើម្បីបង្កើនការទាក់ទាញវិនិយោគថែមទៀត។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានអំពាវនាវដល់ពាណិជ្ជករ សហគ្រិន និងវិនិយោគិន ទាំងក្នុងស្រុកនិងក្រៅប្រទេស ពិចារណាវិនិយោគលើវិស័យអាទិភាពដូចជា កសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃ, ទូរគមនាគមន៍ និងដឹកជញ្ជូន, ឧស្សាហកម្ម និងថាមពល, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងទេសចរណ៍ ដើម្បីទទួលបានការអនុគ្រោះពន្ធរយៈពេលវែង និងការលើកទឹកចិត្តផ្សេងៗពីរដ្ឋាភិបាល។
សូមបញ្ជាក់ថា ក្រសួងកសិកម្មនៅរសៀលថ្ងៃទី១៥ ខែធ្នូ នេះ បានបើកពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្តមួយ ផលិតផលមួយកម្ពុជាលើកទី១១។ ពិព័រណ៍ឆ្នាំនេះ មានការចូលរួមពីប្រទេសថៃ, ចិន (ខេត្តយូណាន់ និងហ្វូជាន), កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឆេក ព្រមទាំងក្រុមហ៊ុន អង្គការ-សមាគម និងមន្ទីរពាណិជ្ជកម្មទាំង ២៥រាជធានី-ខេត្ត សរុបចំនួន ៣២៣ស្តង់។
ពិព័រណ៌នេះ ក៏មានរៀបចំជំនួបពាណិជ្ជកម្ម, វេទិកាវិនិយោគ, សិក្ខាសាលា, ពិធីចុះហត្ថលេខាលើគម្រោងវិនិយោគនានា ដើម្បីផ្តល់ឱកាសជូនពាណិជ្ជករ អ្នកវិនិយោគ ក្នុងការចាប់ដៃគូ និងដាក់ទុនវិនិយោគរួមគ្នា។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ថ្លែងថា ពិព័រណ៍ដែលរៀបចំឡើង នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើតឱកាសទីផ្សារ បង្ហាញបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគល្អប្រសើរនៅកម្ពុជា៕