Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច សាយ ឈុំ ចុះសួរសុខទុក្ខនិងឧបត្ថម្ភថវិកាដល់អ្នកជំងឺក្នុងមន្ទីរពេទ្យបង្អែកមានជ័យ, ឧបត្ថម្ភមន្ទីរពេទ្យ៥លានរៀល

15-12-2016 21:15

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកមានជ័យ ក្នុងខណ្ឌច្បារអំពៅ ដោយឃើញមានចិត្តអាណិតស្រឡាញ់ចំពោះអ្នកជំងឺ សម្ដេចក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ពួកគាត់ ចំណែកមន្ទីរពេទ្យនេះ ក៏ទទួលបានថវិការរួមចំនួន ៥លានរៀល ផងដែរ។

លោកទន្តបណ្ឌិត ប៉ុក បូរិន្ទ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ និងលោក អ៊ុ សុខា ប្រធានមន្ទីរពេទ្យ បានឲ្យដឹងថា បច្ចុប្បន្ន បុគ្គលិកនិងគ្រូពេទ្យ ដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យនេះ មានចំនួន៤៤នាក់ ហើយក្នុង១ថ្ងៃៗ មានប្រជាពលរដ្ឋបានមកទទួលសេវាពិនិត្យ និងព្យាបាលជាមធ្យម ពី៥០-៨០នាក់ និងមានស្រ្តីចូលមកសម្រាលកូនជាមធ្យម ពី៧-១០នាក់។

ក្នុងចំណោមប្រជាពលរដ្ឋ ដែលចូលមកពិនិត្យជំងឺ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ គឺមានប្រមាណជាង៤០ភាគរយ ដែលបានទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ដោយប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល (សម្រាប់ប្រជាជនក្រីក្រ) ឬមានការរ៉ាប់រងដោយបេឡាជាតិសន្តិសុខសង្គម (សម្រាប់កម្មករនិយោជិត)។

សម្តេច សាយ ឈុំ ក៏បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកទាំងអស់ ត្រូវបន្តខិតខំពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ តទៅទៀត។

ដោយមនោសញ្ចេតនា អាណិតស្រលាញ់ និងស្និទស្នាលជាទីបំផុត ក្នុងពេលចុះសួរសុខទុក្ខអ្នកជំងឺ និងស្រ្តីឆ្លងទន្លេជាង២០នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះ សម្ដេច សាយ ឈុំ ក៏បានឧបត្ថម្ភដល់ពួកគាត់ ក្នុងម្នាក់ៗទទួលថវិកា ១០០,០០០រៀល និងឧបត្ថម្ភរួមសម្រាប់មន្ទីរពេទ្យចំនួន ៥,០០០,០០០រៀល ផងដែរ៕