(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បន្ដអះអាងថា ការលើកឡើងថា គម្លាតខុសគ្នារវាងតួលេខរបាយការណ៍ ក្នុងប្រព័ន្ធទិន្នន័យពាណិជ្ជកម្ម UN Comtrade ពីការនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី មានភាពមិនប្រក្រតី គឺជាការលើកឡើងខុសពីការពិត។ នេះបើតាមការឲ្យដឹង ក្នុងសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងរ៉ែ នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។
ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា តាមការសិក្សាបង្ហាញថា គម្លាតខុសគ្នានៃតួលេខនេះ គឺជាករណីប្រក្រតីទូទៅ ដែលមានលក្ខណៈជាសកលហើយកើតឡើងចំពោះ គ្រប់ប្រទេស និងគ្រប់មុខទំនិញ ជាក់ស្ដែងស្ថាប័ន UN Comtrade បានបញ្ជាក់ និងប្រកាសទទួលស្គាល់នូវគម្លាតខុសគ្នា រវាងតួលេខរបស់ប្រព័ន្ធទិន្នន័យពាណិជ្ជកម្ម UN Comtrade ព្រមទាំងមានការពន្យល់អំពីមូលហេតុយ៉ាងច្បាស់លាស់ និងបានតម្រូវឲ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់តួលេខនេះ ដូចមានបញ្ជាក់ក្នុងសេចក្ដីប្រកាស Disclaimer របស់ស្ថាប័នខ្លួនផ្ទាល់។
បន្ថែមពីនេះ ក្រសួងថា ទិន្នន័យតួលេខក្នុងប្រព័ន្ធទិន្នន័យពាណិជ្ជកម្ម UN Comtrade គឺជាទិន្នន័យពាណិជ្ជកម្ម ពុំមែនជាតួលេខរបាយការណ៍អំពីចំណូលជាតិ នៃប្រទេសណាមួយឡើយ ហើយការលើកតួលេខនៃប្រព័ន្ធទិន្នន័យនេះ មកធ្វើជាចំណូលជាតិ ឬអះអាងថាបាត់បង់ចំណូលជាតិ គឺជាការមិនមានការយល់ដឹង ពីទិន្នន័យពាណិជ្ជកម្ម និងមានចេតនាបំភ័ន្ធសាធារណៈមតិ ពោលគឺទ័ន្នន័យក្នុងប្រព័ន្ធ UN Comtrade សំដៅលើទំហំពាណិជ្ជកម្ម ដែលជាទូទៅ គឺជាថ្លៃទូទាត់ពាណិជ្ជកម្មរវាងអ្នកលក់ និងអ្នកទិញ។
ជាមួយគ្នានោះ ក្រសួងរ៉ែ និងថាមពល សង្កត់ធ្ងន់ថា ក្រសួងមិនមែនជាអ្នកលក់ខ្សាច់ ឬទទួលខុសត្រូវលើការលក់ដូរខ្សាច់នោះទេ ហើយក្រសួងរ៉ែមានសមត្ថកិច្ចត្រឹម ធ្វើការប្រមូលចំណូលជាតិជាសួយសារ៉ែ ស្របតាមប្រកាសអន្ដរក្រសួងជាមួយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងដោយផ្អែកលើបរិមាណខ្សាច់ដែលខ្លួនបាន អនុញ្ញាតិឲ្យធ្វើអាជីវកម្មត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រង និងធ្វើអាជីវកម្មធនធានរ៉ែប៉ុណ្ណោះ៕