(ស្វាយរៀង)៖ «យើងជាមនុស្សជំនាន់ក្រោយ ត្រូវដឹងគុណបំណាច់ នូវការពលីកម្មរបស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅក្រុងបាវិត ស្រុកចន្ទ្រា ស្រុកកំពង់រោទ៍ និងស្រុករមាសហែកខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាគមអតីតយុទ្ធជនកម្ពុជានាពេលនេះ គឺជាណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែគិតគូរជាប្រចាំចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់អុំពូមីង ហើយបានចាត់ឲ្យក្រុមការងារចុះសួរសុខទុក្ខដោយផ្ទាល់ដើម្បី ជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអុំពូមីងទាំងអស់ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលធ្វើឲ្យយើងរស់នៅក្នុងសុខសន្តិភាពរហូតមកដល់ពេលនេះ។
លោកបានបញ្ជាក់ថា «ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើន យើងបានសុខសន្តិភាពដែលយើងមានសព្វថ្ងៃនេះ គឺបានមកដោយសារគោលនយោនយោបាយរបស់រដ្ឋាភិបាល និងមួយផ្នែកបានមកពីការលះបង់ សាច់ស្រស់ ឈាមស្រស់ របស់អតីតយុទ្ធជនក្នុងការស្វែងរកសន្តិភាពជូនប្រជាជន ដែលនេះមោទនភាពសម្រាប់យើងទាំងអស់។ យើងជាមនុស្សជំនាន់ក្រោយ ត្រូវដឹងគុណបំណាច់នូវពលីកម្មរបស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន»។
លោកបានបន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនមិនបោះបង់អតីតយុទ្ធជនចោលនុះទេបើទោះបីបានបញ្ចប់ភារកិច្ចជាកងទ័ពក៏ដោយ។ លើសពីនេះប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកម្ពស់កម្រិតជីវភាព មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន តាមរយៈការតម្លើងប្រាក់បៀវត្ស ការផ្តល់ទីជម្រក ការផ្តល់ដីសម្បទានសង្គមកិច្ច ដល់អតីតយុទ្ធជនដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ផ្សេងៗទៀត។
លោកថា គោលនយោបាយ និងយន្តការទាំងនេះដែលសមាគមអតីតយុទ្ធជនយកចិត្តទុកដាក់រៀបចំនេះគឺដើម្បីផ្តល់ផលប្រយោជន៍ សម្រាប់អតីតយុទ្ធជន និងសម្រាប់កម្លាំងប្រដាប់អាវុធសំដៅលើកស្ទួយទាំងកម្រិតជីវភាព និងលើកតម្កើនទាំងកិត្តិយសដែលនេះគឺជាថ្លែងនូវគុណូបការៈនៃការលះបង់ របស់អតីតយុទ្ធជនក្នុងការបំពេញភារកិច្ច ស្វែងរកសន្តិភាពជូនប្រជាជន។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន១០៤១នាក់ នៅក្រុងបាវិត ស្រុកចន្ទ្រា ស្រុកកំពង់រោទ ស្រុករមាសហែក និងកងកម្លាំងប្រដាប់អាវុធ គ្រួសារអតីតយុទ្ធជនជាច្រើននាក់ផងដែរ៕