(ពោធិ៍សាត់)៖ រយៈកាលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន សកម្មភាពឈ្មួញទុច្ចរិតតែងលួចឆ្មក់ឆ្លៀតឱកាស តាមគ្រប់រូបភាពផ្សេងៗ ចូលមកក្នុងទឹកដីឃុំថ្មដា ស្រុកវាលវែងខេត្តពោធ៍សាត់ ដើម្បីកៀងគរ និងអូសទាញ ប្រជាពលរដ្ឋពីតំបន់ផ្សេងៗ ឃុបឃិតជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន លួចឆ្លងដែនកាប់ឈើក្រញូង នៅក្នុងទឹកដីថៃ និងប្រមូលទិញដឹកជញ្ជូនយកទៅទីផ្សាររបស់ពួកគេ។
ស្ថិតក្នុងស្ថានភាពបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើននាក់ រងគ្រោះដោយការបាញ់សម្លាប់ រងរបួស និងខ្លះចាប់ខ្លួន រហូតយកទៅផ្តន្ទាទោសជាបន្តបន្ទាប់ពីសំណាក់ភាគីថៃ។
ដោយពិនិត្យឃើញស្ថានភាព ដ៏គ្រោះថ្នាក់បែបនេះ លោកវរសេនីយ៍ឯក គួយ សារឿនស្នងការរងនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យវរសេនាតូច៨២៥ សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំថ្មដា កោះហៅមុខសញ្ញាដែលពាក់ព័ន្ធទាំងអស់ មកទីបញ្ជាការវរៈដើម្បីសាកសួរ និងធ្វើការអប់រំ។
ដោយអនុវត្តតាមបទបញ្ជានេះ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ មេបញ្ជាការវរសេនាតូច៨២៥ សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំថ្មដា បានកោះហៅមុខសញ្ញាដែលពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ ទៅកាប់ឈើក្រញូងនៅក្នុងទឹកដីថៃចំនួន៧នាក់ មកសាកសួរ និងអប់រំធ្វើកិច្ចសន្យារួចហើយ ឲ្យវិលត្រឡប់ទៅលំនៅស្ថានរៀងៗខ្លួនវិញ។
មន្រ្តីនគរបាលបានឲ្យដឹងថា ប្រជាពលរដ្ឋទាំង៧នាក់ខាងលើនេះរួមមាន៖ ទី១-ឈ្មោះ ថា ប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឯកភាព(កសិករ) ទី២-ឈ្មោះ សុខ រ៉ាយុទ្ធ អាយុ៤៨ឆ្នាំ រស់នៅភូមិសង្គមថ្មី (អតិតទាហានឈុតខ្មៅថៃ) ទី៣-ឈ្មោះ ឡុង ពៅ អាយុ៤៤ឆ្នាំ រស់នៅភូមិសង្គមថ្មី(កសិករ) ទី៤-ឈ្មោះ សំ សាខឿន អាយុ៤០ឆ្នាំ រស់នៅភូមិសង្គមថ្មី(កសិករ)ទី៥-ឈ្មោះ សេង ពៅ អាយុ៣១ឆ្នាំ រស់នៅភូមិឯកភាព (កសិករ) ទី៦-ឈ្មោះ ជា សុជាតិ អាយុ៣០ឆ្នាំ រស់នៅភូមិស្វាយអាត់(កសិករ) និងទី៧-ឈ្មោះ ជា សុភ័គ្រហៅជ័យ អាយុ២៨ឆ្នាំ រស់នៅភូមិសង្គមថ្មី(កសិករ)៕