Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានឹងកំណត់យកផែនការ កសាងភូមិ «ស-គ្មានគ្រឿងញៀន» ចំនួន៥ ជាប់ព្រំដែនឡាវ និងថៃ

15-12-2016 18:07

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងកំណត់យកផែនការ កសាងភូមិ «ស-គ្មានគ្រឿងញៀន» ចំនួន៥ភូមិ ដែលមានទីតាំស្ថិតនៅក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសថៃ និងឡាវ។

លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ភូមិទាំង៥នោះរួមមាន៖ ភូមិទាលគង និងភូមិជាំក្សាន្ត ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងភូមិចំនួន៣ទៀត គឺភូមិលើ ក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង ភូមិកំភុន ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែ ខេត្តស្ទឹងត្រែង និងភូមិកំពង់ស្រឡៅ១ ក្នុងឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។

ជាមួយគ្នានេះ ក្រៅពីការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន រវាងប្រទេសថៃ កម្ពុជា និងឡាវ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលធ្វើឡើងនៅខេត្តអ៊ូប៊ុនរ៉ាឆានី ប្រទេសថៃនោះ លោក កៅ ខុនដារ៉ា ក៏បានឆ្លៀតដឹកនាំប្រតិភូទៅទស្សនកិច្ចដកពិសោធន៍នៅភូមិឡាតវែង ក្នុងឃុំណាវែង ស្រុកខេមរ៉ាត ខេត្តអ៊ូប៊ុនរ៉ាឆានី ប្រទេសថៃ ជាភូមិគំរូ គ្មានគ្រឿងញៀន មានភូមិសាស្រ្តជាប់ទនេ្លមេគង្គ។

បើតាមមន្រ្តីជាន់ខ្ពស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់់កម្ពុជារូបនេះ ប្រជាពលរដ្ឋនៅក្នុងភូមិនេះ បានសហការគ្នាធ្វើឲ្យសហគមន៍ របស់ពួកគេគ្មានគ្រឿងញៀន៕