(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះលោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងស្ត្រីជនជាតិថៃ១រូបដែលបាននាំថ្នាំញៀន២៥៩៤,៥៦ក្រាម ចូលមកប្រទេសកម្ពុជា។ ក្រោយដំណើរការសនវការពេញមួយរសៀល លោកប្រធានបានលើកយករឿងក្តីនេះ ទៅប្រកាសនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ខាងមុខ។
ជនជាប់ចោទក្នុងសំណុំរឿងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និងជួញដូរគ្រឿងញៀននេះ ឈ្មោះ KAEWKANLAYA AMPHAWAN ភេទស្រីអាយុ២១ឆ្នាំ ជនជាតិថៃ មានទីលំនៅផ្ទះលេខ ១៤២ តំបន់នងចាន់ខាវ ខេត្តនគររាជសីម៉ា ប្រទេសថៃឡង់ ។
នាពេលសវនាការស្ត្រីថៃជាប់ចោទបានឆ្លើយថា នៅអំឡុងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ សង្សាររបស់នាងបានអោយរូបនាងធ្វើដំណើរទៅទីក្រុងឌូបៃ បមរទេសអារាប់ ដើម្បីជួបបងប្រុសរបស់សង្សារទទួលយករបស់បញ្ញើ។ ពេលទៅដល់ឌូបៃក៏ជួបនឹងបងប្រុសរបស់សង្សារយកកំប៉ុងដាក់ស្កគ្រាប់សូកូឡាចំនួន១៥កំប៉ុង មកអោយនាងយកទៅអោយប្អូនប្រុសគាត់នៅប្រទេសថៃ។ ប៉ុន្តែពេលជិៈយន្តហោះក៏ធ្វើដំណើរទៅប្រទេសបារ៉ែនស្នាក់នៅ៣ថ្ងៃ ។ លុះដល់ថ្ងៃកំណត់ ក៏ជិៈយន្តហោះមកក្រុងឌូបៃវិញ ហើយដូរជើងយន្តហោះធ្វើដំណើរទៅប្រទេសកាតា និងធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃទី៣០ មីនា ឆ្នាំ ២០១៦ ក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតែម្ដង ។
ជនជាប់ចោទបានសារភាពទៀតថា រាល់ពេលដូរជើងយន្តហោះម្ដងៗ នាងបានទាក់ទងទៅសង្សាររបស់នាង ហើយសង្សារនាងបានអោយមកចុះនៅកម្ពុជា ហើយគាត់ក៏ធ្វើដំណើរមកកម្ពុជាដែរ តែសមត្ថកិច្ចបានចាប់ខ្លូននាងមុនពេលសង្សារនាងទៅដល់ ។
តាមរបាយការណ៍របស់សមត្ថកិច្ចព្រលានយន្តហោះបានបញ្ជាក់ថា ថ្នាំញៀនដែលរឹបអូសពីស្ត្រីជនជាតិថៃរូបនេះមានទំងន់ ២៥៩៤,៥៦ក្រាម ជាប្រភេទថ្នាំញៀនកាកូអ៊ីន ដាក់នៅក្នុងកំប៉ុងស្ករសូកូឡាចំនួន១៥កំប៉ុង៕