(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាជាតិ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៦ ក្រោមប្រធានបទ «ពង្រឹងកិច្ចសហការ និងការគ្រប់គ្រងលំហូរទេសន្តរប្រវេស ដើម្បីប្រសិទ្ធភាព នៃការបង្ការ ទប់ស្កាត់ ការពារ បង្រ្កាប និងផ្តន្ទាទោស» ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការ ខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
លោកស្រី ឡេង សុខា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ ជាខេត្តទើបតែបង្កើតថ្មី សេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មាធិការ ខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លេខាធិការដ្ឋាន ក្រុមការងារជំនាញទាំង០៦ និងអ្នកទទួលបន្ទុកការជួញដូរមនុស្ស នៅតាមបណ្តាក្រុង-ស្រុក នៅក្នុងឆ្នាំ២០១៦ ដោយក្នុងនោះនៅតាមវិទ្យាល័យ អនុវិទ្យាល័យ នៅក្នុងខេត្ត បានរៀបចំប្រារព្ធទិវានេះ ចំនួន២៣កន្លែង ដោយមានការចូលរួមពី បុគ្គលិកសិក្សា សិស្សានុសិស្សសរុបចំនួន ១០២៥០នាក់ ស្រី៤៣៧៥នាក់ ។
លោកស្រី ហង្ស ស៊ីថា ប្រធានសម្របសម្រួល គម្រោងរបស់អង្គការស៊ីកាហ្វា ប្រចាំខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា រយៈពេល៦ឆ្នាំកន្លងមកនេះ កិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរដ្ឋាភិបាល និងអង្គការស៊ីកាហ្វា ក្នុងការចូលរួមប្រឆាំងដាច់ខាតរាល់ទង្វើ ឬសកម្មភាពទាំងឡាយណា ដែលជាទំរង់នៃការរំលោភបំពាន លើសិទ្ធកុមារ សេចក្តីថ្លៃថ្នូរ កិត្តិយស និងសេចក្តីសុខរបស់ស្ត្រី និងកុមារ ដែលប្រាសចាកនូវសីលធម៍ដ៍ល្អប្រពៃ របស់ប្រជាពលរដ្ឋកម្ពុជា ហើយកុមារាកុមារីទាំងអស់ គឺជាតួអង្គសំខាន់ដែលបានចួលរួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំងរាល់សកម្មភាពនៃអំពើហឹង្សាលើស្ត្រី និងកុមារពិសេសក្នុងគ្រួសារ និងការជួញដូរមនុស្ស ។
លោក ប្រាជ្ញ ចន្ទ បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ នៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជន ពាក់ព័ន្ធទាំងអស់ ដែលតែងតែបានសហការគ្នាដោះស្រាយ បញ្ហាចំពោះមុខ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពុះពារប្រឆាំងដាច់ខាត ទៅនឹងសកម្មភាព របស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ព្រមទាំងបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច រំលោភបំពាន ដែលជនល្មើស និងឧក្រិដ្ឋជនបាននឹងកំពុងឆក់យក ឳកាសទទួលផលប្រយោជន៍ ឥតកោតញញើត បន្តសាងបាបកម្មទៅលើមនុស្សដូចគ្នា ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារ គ្រួសារជនរងគ្រោះ ទទួលរងនូវការឈឺចាប់ វិបត្តិក្នុងគ្រួសារ បញ្ហាប្រឈមនានា និងបានជះឥទ្ធិពលដល់សង្គមជាតិ សុវត្ថិភាព និងស្ថេរភាពនយោបាយជាដើម ។
លោក ក៍បានធ្វើការសំណូមពរដល់ក្រុង-ស្រុក មន្ទីរ អង្គភាពជំនាញ មេត្តាយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្សព្វផ្សាយនូវអនុសាសន៍ សម្តេចក្រឡាហោម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឲ្យបានទូលំទូលាយ ជ្រួតជ្រាប និងស៊ីជម្រៅដល់សាធារណៈជន និងសូមជម្រុញសុវត្ថិភាព ដើម្បីជាការលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជន និងគោលដៅកាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីអំពើជួញដូរមនុស្ស៕