(ឡាវ)៖ ក្រុមការងាររួមមួយ ដែលជាសមាជិករបស់គណៈកម្មាការទន្លេគង្គ ហៅកាត់ថា MRC បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីមួយ ឈ្មោះថា «រួមគ្នាផ្លាស់ប្តូរព័ត៌មាន តាមរយៈវីដេអូ» ដើម្បីចែករំលែកចំណេះដឹង និងការអនុវត្តន៏ល្អៗ ក្នុងការគ្រប់គ្រងធនធានទឹក នៅទន្លេសាបរស់ប្រទេសកម្ពុជា និងទន្លេសុងក្លារបស់ប្រទេសថៃ។
គំនិតផ្តួចផ្តើមរួមគ្នាផ្លាស់ប្តូរព័ត៌មានតាមរយៈវីដេអូនេះ ជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការរវាងបឹងទន្លេសាប និងបឹងសុងក្លា ដែលកំពុងអនុវត្តដោយអាជ្ញាធរ នៃប្រទេសទំាងពីរ ក្រោមកម្មវិធីគ្រប់គ្រងធនធានទឹកចំរុះទន្លេមេគង្គ របស់ MRC។ គម្រោងនេះ នឹងជម្រុញ និងសម្របសម្រួលរបៀបផ្លាស់ប្តូរចំណេះដឹង រវាងទន្លេទំាងពីរ អំពីអភិបាលកិច្ចក្នុងការគ្រប់គ្រងទន្លេ តាមរយៈមធ្យោបាយទំនាក់ទំនង ដែលមានប្រសិទ្ធិភាព។
ក្រោមគំនិតផ្តួចផ្តើមនេះ មន្ត្រីរដ្ឋាភិបាល និងតំណាងសហគមន៏មកពីទន្លេទំាងពីរ នឹងដើរតួនាទីជាអ្នកកាសែតប្រជាជន ដើម្បីផលិតវីដេអូខ្លីប ទាក់ទងនឹងជីវភាព រស់នៅតាមដងទន្លេ និងបញ្ហានានាពាក់ព័ន្ធ នឹងការគ្រប់គ្រងធនធានធម្មជាតិ ដូចជា សកម្មភាពនេសាទដែលគ្មាននិរន្តភាព ការខ្វះប្រភពចំណូលបន្ថែមពីលើការនេសាទ និងផលប៉ះពាល់នៃបំរែបំរួលអាកាសធាតុ។ វីដេអូទំាងនោះ ក៏នឹងផ្តោតទៅលើដំណោះ ស្រាយសមស្របក្នុងការដោះស្រាយ បញ្ហាប្រឈមទំាងនេះ ផងដែរ។
លោក អាន ពេជ្រហត្តដា នាយកផ្នែកផែនការរបស់ MRC បានឲ្យដឹងថា «វីដេអូ គឺជាឧបករណ៏សោតទស្សន៏ដ៏មានសក្កានុពល និងប្រកបដោយភាពច្នៃប្រឌិត ក្នុងការបង្កើតការយល់ដឹង ចែករំលែកចំណេះដឹង និងជម្រុញឲ្យមានដំណោះស្រាយក្នុងតំបន់ ទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិ នៅបឹងទន្លេសាប និងទន្លេសុងក្លា»។
លោកបន្តថា «វីដេអូ ទំាងនោះនឹងបំផុសគំនិត និងសកម្មភាព របស់សហគមន៏មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ អោយរួមគ្នាគ្រប់គ្រងធនធានទឹក ប្រកបដោយនិរន្តរភាព»។
គម្រោងកិច្ចសហប្រតិបត្តិការវាងបឹងទន្លេសាប និងបឹងសុងក្លា បានចាប់ផ្តើមអនុវត្តចាប់តំាងពីឆ្នាំ២០១៤ មក ក្នុងនាមជាគម្រោង រួមរបស់ប្រទេសកម្ពុជា និងថៃ ហើយវាជាគម្រោងមួយក្នុង ចំណោមគម្រោងទេ្វភាគី ចំនួន៥ នៅក្រោម IWRMP។ គម្រោងទ្វេភាគីទំាងនេះ ទទួលបានជំនួញហិរញ្ញវត្ថុ ពីធនាគារពិភពលោក និងបានជំនួយបច្ចេកទេស ពីលេខាធិការដ្ឋាន MRC។
ជាការចាប់ផ្តើមនូវគំនិតផ្តួចផ្តើម ផ្លាស់ប្តូរព័ត៌មានតាមរយៈវីដេអូ នេះ ក្រុមការងារផ្នែកទំនាក់ទំនងរបស់ MRC បានរៀបចំសិក្ខាសាលា បណ្តុះបណ្តាល ពីការថតវីដេអូ ចំនួន៣ថ្ងៃ កាលពីថ្ងៃទី២២ ដល់២៤ខែវិច្ឆិកា នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ចំណេះដឹង និងជំនាញថតវីដេអូ របៀបសរសេរ និងបច្ចេកទេសកាត់ត ដល់មន្ត្រីរដ្ឋាភិបាល និងតំណាងសហគមន៏មកពីកម្ពុជា និងថៃ ចំនួន២០នាក់។
ក្នុងរយៈពេល៣ថ្ងៃនេះ សិក្ខាកាមត្រូវបានបែកចែកជា៤ក្រុម និងបានផលិតវីដេអូខ្លីបចំនួន៤អំពីបញ្ហាដែលប្រជាជនជនមូលដ្ឋាន កំពុង ប្រឈម និងបានចាក់បញ្ចាំងវីដេអូ ទំាងនោះនៅសហគមន៏មួយ នៅខេត្តបាត់ដំបង សម្រាប់រៀនពីគ្នាទៅវិញទៅមក។ វីដេអូទំាងនោះ ក៏នឹងត្រូវបានបកប្រែជាភាសាថៃ និងដាក់បញ្ចាំងនៅសហគមន៏ ទន្លេសុងក្លារបស់ប្រទេសថៃផងដែរ ដើម្បីជាការផ្លាស់ប្តូរព័ត៌មាន ពិភាក្សា និងស្វែងរកដំណោះស្រាយចាំបាច់។
លោក ស៊ិន វិសិទ្ធិ ប្រធាននាយកដ្ឋានត្រូតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាបរបស់កម្ពុជា បានលើកឡើងថា «កាលពីមុន យើងគ្មានថវិកា បទពិសោធន៏ និងជំនាញចាំបាច់ ក្នុងការបង្កើតធម្យោបាយទំនាក់ទំនងផ្សេងៗដូចវីដេអូនេះទេ ដូច្នេះការប្រាស្រ័យទាក់ទង រវាងទន្លេទំាងពីរពឹងផ្អែកទំាងស្រុងលើរបាយការណ៏»។
លោកបន្តថា «ក្រោមគំនិតផ្តួចផ្តើមថ្មីនេះ យើងនឹងមានមធ្យោបាយទំនាក់ទំនង ដែលមានប្រសិទ្ធិភាពជាងមុន និងអាចផ្សព្វផ្សាយដល់ក្រុមគោលដៅ និងសាធាណរជន បានទូលាយជាងមុន ដើម្បីអំពាវនាវឲ្យពួកគេចូលរួមគំាទ្រ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ អោយបានកាន់តែល្អប្រសើរ»។
គំនិតផ្តួចផ្តើមផ្លាស់ប្តូរព័ត៌មានតាមរយៈវីដេអូនេះ អាចបន្តដំណើរទៅមុខដោយជោគជ័យ លុះត្រាតែមានការសហការ និងការប្តេជ្ញា ពីថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងសហគមន៏ មកពីទន្លេទំាងពីរ។
នាង Sawwanit Pakbara មន្ត្រីទទួលបន្ទុកព័ត៌មាន និងទំនាក់ទំនងមកពីក្រុមការងារទន្លេសុងក្លា ថ្លែងថា «ចាប់ពីពេលនេះទៅ យើងនឹងអាចរួមគ្នាឆ្លុះបញ្ចំាងបញ្ហា និងដំណោះស្រាយជុំវិញការគ្រប់គ្រងបឹង នៅក្នុងវីដេអូ និងបង្ហាញវីដេអូ នោះ នៅសហគមន៏នានា នៅទន្លេសាប និងសងក្លា»។
សហគមន៏មូលដ្ឋាន នៅប្រទេសកម្ពុជា ក៏បានបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការចូលរួមគាំទ្រ គំនិតផ្តួចផ្តើមនេះផងដែរ។
លោក ហោ សំអាត អនុប្រធានសហគមន៍នេសាទ រហាលសួងស្តីក្រោម នៃខេត្តបាត់ដំបង ដែលក្រុមការងារមកពីទន្លេទំាងពីរចុះ ទៅថតវីដេអូក្នុងពេលហ្វឹកហ្វាត់បីថ្ងៃនោះ បានលើកឡើងថា «ទោះបីជា ធនធាន និងជំនាញ របស់ពួកយើងមានកម្រិត ប៉ុន្តែពួកយើងប្តេជ្ញា ចែករំលែក និងរៀនសូតពីគូភាគីរបស់យើង។ វានឹងជួយសហគមន៏យើង ក្នុងការរកវិធីសាស្ត្រល្អៗក្នុងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសធនធានទឹក ឲ្យបានកាន់តែល្អប្រសើរ»។ មន្ត្រីរដ្ឋាភិបាល និងតំណាងសហគមន៍ មកពីក្រុមការងារនៃគម្រោងនេះ នឹងបន្តការងារផលិតនិងចែកចាយវីដេអូ ហើយមានគម្រោង រៀបការសិក្ខាលាថតវីដេអូ មួយទៀត នៅទន្លេសុងក្លា នៅខែឧសភា ឆ្នាំ ២០១៧។
លោក Chatchai Ratanachai ទីប្រឹក្សាជាតិនៃគណៈកម្មាធិការជាតិមេគង្គថៃ ទទួលបន្ទុកទន្លេសុងក្លា បានលើកឡើងថា «នេះជាការចាប់ផ្តើមដ៏ល្អ ក្នុងការចែករំលែកពីប្រជាជន ទៅប្រជាជាន នៅទន្លេសាប និងសងក្លា ហើយយើងសង្ឃឹមថា គំនិតផ្តួចផ្តើមនេះ នឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទំាងពីរ ដើម្បីឲ្យពួកគេពង្រីកការគំាទ្រ របស់ពួកគេច្រើនថែមទៀត មកដល់សហគមន៏មូលដ្ឋាន»៕