(ភ្នំពេញ)៖ តុលាការក្រុងភ្នំពេញ បានសម្រេចឱ្យគូភាគីក្នុងសំណុំរឿង អ្នកស្រី អ៊ុក សាវបូរី និង តំណាងវិទ្យុអាស៊ីសេរី ដាក់ភស្តុតាង និងឯកសារផ្សេងៗ មកកាន់តុលាការ កុំឱ្យហួសថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ មុននឹងបន្តនីតិវិធីផ្សេងៗទៀត។ នេះបើតាមកំណត់ហេតុស្តីពីនីតិវិធីត្រៀម សម្រាប់ការទាញហេតុផលរបស់តុលាការក្រុងភ្នំពេញ ដែល Fresh News ទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។
សូមជំរាបថា នាពេលកន្លងទៅអតីតបុគ្គលិកវិទ្យុអាស៊ីសេរី អ្នកស្រី អ៊ុក សាវបូរី ដែលមានវ័យប្រមាណ៥៦ឆ្នាំ បានសម្រេចចិត្តដាក់ពាក្យប្តឹងវិទ្យុអាស៊ីសេរី (RFA) ដែលមានតំណាង លោក ស៊ុំ សុខរី (ជី វិតា) ជុំវិញការបញ្ឈប់អ្នកស្រីពីការងារ ដោយមិនមានមូលហេតុសមរម្យ។ អ្នកស្រីបានប្តឹងទាមទារសំណង់ជំងឺចិត្តប្រមាណជាង ២៦,០១៩.២៣ ដុល្លារសហរដ្ឋអាមេរិក។
តុលាការក្រុងភ្នំពេញ នាពេលកន្លងទៅក៏បានចេញដីកាកោះហៅ លោក ស៊ុំ សុខរី (ជី វិតា) តំណាងវិទ្យុអាស៊ីសេរី ដើម្បីចូលបំភ្លឺនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ផងដែរ ប៉ុន្តែពេលនោះចុងចោទបានសុំពន្យារពេល ក្នុងការចូលបំភ្លឺនេះវិញ ក្រោមមូលហេតុមិនទាន់មានមេធាវីដើម្បីការការពារសិទ្ធិរបស់ខ្លួន។
ទន្ទឹមគ្នានឹង តុលាការក្រុងភ្នំពេញ បានសម្រេចឱ្យគូភាគីក្នុងសំណុំរឿង អ្នកស្រី អ៊ុក សាវបូរី និង តំណាងវិទ្យុអាស៊ីសេរី ដាក់ភស្តុតាង និង ឯកសារផ្សេងៗនោះ គូភាគីក៏បានព្រមព្រៀងគ្នាកំណត់កាលបរិច្ឆេទនីតិវិធីទាញហេតុផល ដោយផ្ទាល់មាត់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ វេលាម៉ោង០៩៖០០ព្រឹកផងដែរ៕