(កំពង់ចាម)៖ ក្រោយមានការជូនដំណឹងពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ឲ្យភាគីពាក់ព័ន្ធចុះអនុវត្តសាលក្រម នៃសាលាដំបូងខេត្តកំពង់ចាម​ នឹងចុះទៅដឹកនាំការ អនុវត្តប្រគល់ដី ទំនាស់៤,៨ម៉ែត្រ គុណ៤៣ម៉ែត្រ ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ឲ្យទៅឈ្មោះ ឆេ ស៊ីម តាមអំណោចសាលដីកាលេខ២៩១ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១របស់ តុលាការកំពូល នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ គឺមិនមានការចុះអនុវត្តដូចការជូនដំណឹងឡើយ។ សំណុំរឿងក្តីក្តាំងនេះ អាចនឹងត្រូវសើរើឡើងវិញ ដើម្បីរកយុត្តិធម៌ជូនភាគីទាំងសងខាង។

យោងតាមការបញ្ជាក់ឲ្យដឹងពីលោកស្រី ជួប សុគន្ធ មេភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា «មកដល់ពេលកំណត់នៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ គឺមិនមានការចុះអនុវត្តសាលក្រម សាលាដំបូង ខេត្តកំពង់ចាមនោះទេ គឺត្រូវពន្យារពេលសិន។ ប៉ុន្តែពន្យារពេលដល់ពេលណា គឺខ្ញុំមិនដឹងព័ត៌មានច្បាស់ការនោះទេ រង់ចាំថាគេហៅទៅថ្ងៃណា គឺទៅថ្ងៃហ្នឹងហើយ»

នេះជាការប្រកាសសាលក្រមលើកទី២ហើយ របស់សាលាដំបូងខេត្តកំពង់ចាម ប៉ុន្តែការចុះអនុវត្តប្រគល់ដីទំនាស់៤,៨ម៉ែត្រ គុណ៤៣ម៉ែត្រ ស្ថិតនៅ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ឲ្យទៅឈ្មោះ ឆេ ស៊ីម តាមអំណោចសាលដីកាក៏ត្រូវបានពន្យារពេល ទាំង២លើក ដោយគ្មានមូលហេតុបញ្ជាក់ច្បាស់លាស់ឡើយ។

​គួររំលឹកឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ លោកយាយ ឡោ លន់ ជាប្រជាពលរដ្ឋចាស់ជរារស់នៅ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាជនចាស់ជរាចាញ់ក្តី ក្នុងសំណុំរឿងនេះ បានប្រកាសអំពាវនាវដល់អ្នកច្បាប់ជាតិ-អន្តរជាតិ នឹងអង្គការស៊ីវិលនានា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួយផ្តល់នឹងវែកពញែករកការខុសត្រូវឲ្យរូបគាត់ដែល ជាជនចាស់ ជរាគ្មានទីពឹងនេះផងព្រោះរូបគាត់ពុំ មានទីស្នាក់អាស្រ័យក្រៅពី លើដីរបស់ខ្លួននេះឡើយ។

លោកយាយ ឡោ លន់ អាយុ៨៥ឆ្នាំ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានលើកឡើងប្រាប់ក្រុមសារព័ត៌មាន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះថា លោកយាយជាស្រ្តីមេម៉ាយ បានរស់នៅក្នុងភូមិឃុំខាងលើនេះ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយរូបគាត់មកកាប់ឆ្ការព្រៃដើម្បីរុករាន្ត ធ្វើលំនៅឋានរស់នៅទីនេះ តាំងពី ម្តុំនេះមានព្រៃក្រាស គឺមានតែពីរគ្រួសារនោះទេ មករស់នៅទីនេះដំបូង។ បន្ទាប់មកមានប្រជាជនចេះតែចាប់ដីរស់ដើម្បីធ្វើលំនៅឋានរស់នៅជាហូរហែរ។ មកដល់សម័យរដ្ឋកម្ពុជា រដ្ឋបានសម្រេចចិត្តគ្រប់គ្រងដីបង្ករបង្កើនផល និងដីលំនៅឋាន មកជាឯកជន ភាវូនីយកម្ម បានន័យថាក្នុង១៩៩២ រដ្ឋបានបង្កើតជា ក្រុមការងារចុះវាស់វែង មានរដ្ឋអំណាចភូមិ ឃុំ និងការិយាល័យ សូរិយោដី ចុះវាស់ដីនៅតាមភូមិជូនដល់ប្រជាពលរដ្ឋ រួចបានផ្តល់ប័ណ្ណសំគាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីគ្រប់ៗគ្នា ។

លោកយាយ បានបន្តថា ក្រោយពីរដ្ឋបានផ្តល់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីរួចមក គាត់បានរស់នៅ លើដីនេះយ៉ាងសុខសាន្ត អស់រយៈពេល ១៧ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ២០០៩ ស្រាប់តែមានឈ្មោះ ឆេ ស៊ីម ដែលជា ដើមបណ្តឹងមកចោទប្រកាន់ថា រូបគាត់ជាអ្នកលួចធ្វើប័ណ្ណសំគាល់សិទ្ធិ ដោយឃុបឃិតជាមួយសូរិយោដីស្រុកទៅវិញ រហូតមានការប្តឹងផ្តល់ ធ្វើឲ្យរូបគាត់ចាញក្តីយ៉ាងអយុត្តិធម៌។

អង្គភាពព័ត៌មាន Fresh News បានទាក់ទងទៅដើមបណ្តឹងជាច្រើនលើកច្រើនសារ ដើម្បីឲ្យមានការឆ្លើយតប ជុំវិញសាលក្រមខាងលើ ប៉ុន្តែខាងដើមបណ្តឹងមិនបានឆ្លើយតបវិញនោះទេ។

ប៉ុន្តែបើយោងតាមកំណត់ហេតុ ដែលអ្នកសារព័ត៌មានទទួលបានកាលពីម្សិលមិញ បានបញ្ជាក់ឲ្យដឹងថា ដើមបណ្តឹងឈ្មោះ ឆេ ស៊ឺម បានលើកឡើងថា ដីខាងលើនេះជារបស់គាត់កាន់កាប់តាំងពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២ គាត់បានឲ្យឈ្មោះ ម៉ា យីម ខ្ចីធ្វើផ្ទះ រហូតដល់ឆ្នាំ ១៩៨៧ គាត់បានគ្រប់គ្រងដីនេះវិញ ដោយរូបគាត់បានបើកដេប៉ូលក់ឈើ។ ចំណែកនៅក្នុងចន្លោះ១៩៨៥ ដល់ ១៩៩១ សាលាឃុំបានខ្ចីដីរបស់គាត់ធ្វើសាលាមតេយ្យ នៅខាងមុខរោងលក់ឈើ របស់គាត់ ដល់ឆ្នាំ១៩៩០ គឺម្តាយរបស់គាត់ បានសុំសាលាឃុំឲ្យរុះរើសាលាមតេយ្យនេះចេញវិញ។

សម្រាប់បញ្ហាការធ្វើប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះ ដើមបណ្តឹងឈ្មោះ ឆេ ស៊ឺម បានលើកឡើងថា គាត់បានឲ្យភូមិបាលវាស់វែងដែរ ប៉ុន្តែខាងសូរិយោដីមិនបានចេញប្លង់ឲ្យនោះទេ ដោយសំអាងថាស្តេចចូលស្រុក។

សូមរំលឹកថា នេះជាលើកទី២ហើយ ដែលសាលាដំបូងខេត្តកំពង់ចាម បានចុះអនុវត្តសាលក្រមលើដីដែលមានប័ណ្ណកម្មសិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លីលេខ I70129 ចុះថ្ងៃទី 22-9-192 របស់ឈ្មោះ ឡោ លន់ ដោយបំបែកចេញពីប័ណ្ណ កម្មសិទ្ធនេះក្នុង ទំហំ ៤,៨X៤៣ម៉ែត្រ ត្រូវជាង១០០ការ៉េ នៅក្នុងទំហំសរុប៦៧៣ការ៉េ បន្ទាប់ពីការចុះអនុវត្តសាលក្រមលើកទី១ មិនបាន សម្រេច ព្រោះដោយហេតុថាភាគីចុងចោទ បានសង់រោងសម្រាប់លក់ដូរនៅទីនេះ អស់រយៈពេល ច្រើនឆ្នាំមកហើយ បច្ចុប្បន្នរោងនេះស្ថិតនៅលើដីចំណីផ្លូវរបស់រដ្ឋ ក្រោយពីមានការវាស់វែង នៅពេលដែលមានទំនាស់ រវាងភាគីទាំងពីរ ក្នុងប្រវែង២៥ម៉ែត្រចាប់ពីអ័ក្សកណ្តាលទ្រូងផ្លូវមក ចំណែកការចុះអនុវត្តន៍សាលក្រមលើកទី២ របស់ សាលាដំបូងខេត្តកំពង់ចាម៕