(ភ្នំពេញ)៖ ផ្លូវពីរខ្សែស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ និង នៅក្រុងសៀមរាប ខេត្តសៀមរាប បានក្លាយជាប្រធានបទដ៏ក្តៅគគុករបស់ក្រុមអ្នកលេង Facebook លើកមកជជែកវែកញ៉ែកយ៉ាងវីវក់។

ជាមួយរូបភាពសកម្មភាពធ្វើផ្លូវជាច្រើនសន្លឹក ដែលក្រុមអ្នកលេង Facebook គិតថាជាផ្លូវតែមួយ ដោយមិនដឹងថាជាផ្លូវពីរផ្សេងគ្នាផងនោះ ពួកគេបាននាំគ្នារិះគន់ខ្លាំង និងវាយប្រហារមិនសំចៃមាត់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធមិនបានយកចិត្តទុកដាក់ ទៅលើការសាងសង់ផ្លូវ និងខ្លះទៀតថា ជាការសាងសង់ផ្លូវតាមទ្រឹស្តី «ចាក់ស្តើងស៊ីក្រាស់»។

បន្ទាប់ពីឃើញក្រុមអ្នកលេង Facebook នាំគ្នាយល់ច្រឡំតាមរយៈការបង្ហោះរូបភាពត្រឹម៣-៤សន្លឹក ដោយមិនបានដឹងការពិតនោះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប លោក គឹម ប៉ុណ្ណា និងអភិបាលក្រុងសួង លោក ជា ណារ៉ុន បានចេញមកបញ្ជាក់ការពិត ព្រមទាំងច្រានចោលរាល់ការចោទប្រកាន់ទាំងអស់នោះផងដែរ។ តាមរយៈអង្គភាពព័ត៌មាន Fresh News ទាំងលោក គឹម ប៉ុណ្ណា និងលោក ជា ណារ៉ុន បានចាត់ទុកក្រុមអ្នកថតបង្ហោះរូបភាព និងបរិយាយខុសពីការពិតនេះ មានចេតនាមិនល្អចង់បំផ្លាញកិត្តិយសរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ។

ផ្លូវដែលបាចគ្រួស និង អ៊ុតកៅស៊ូខ្មៅតិចៗនោះ ត្រូវបានអះអាងថា ជាផ្លូវស្ថិតនៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ផ្លូវនេះមានប្រវែង ១៦០០ម៉ែត្រ។ លោក ជា ណារ៉ុន បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៥ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ពេលដែលលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា នៅជារដ្ឋមន្រ្តី។

បើតាមលោក ជា ណារ៉ុន ផ្លូវនេះជាផ្លូវក្រាលកៅស៊ូ ហើយសាងសង់រួចរាល់នៅចុងឆ្នាំ២០១៥ ដែលមកដល់ពេលនេះ បានដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេលជាងមួយឆ្នាំហើយ។

លោក ជា ណារ៉ុន បានបន្តថា ផ្លូវនេះជាផ្លូវកៅស៊ូ មិនមែនជាផ្លូវដីក្រហមឡើយ ហើយរូបភាពមើលឃើញដូចជាដីក្រហម ដោយសារផ្លូវនោះមានផ្លូវកាត់ទទឹងច្រើនជាផ្លូវដី ហើយដីនោះគ្របលើផ្លូវ ទើបធ្វើឲ្យមើលច្រឡំជាផ្លូវដី។

អភិបាលក្រុងសួង បានបញ្ជាក់ទៀតថា សកម្មភាពដែលគេបង្ហោះលើ Facebook ជារូបភាពសកម្មភាពរបស់ក្រុមហ៊ុនកំពុងជួសជុលផ្លូវ ដែលរងការខូចខាតក្រោយរដូវភ្លៀង មិនមែនជាការសាងសង់ផ្លូវនោះឡើយ។

ដោយឡែករូបភាពបង្ហាញពីសកម្មភាពសាងសង់ផ្លូវវិញ គឺជាផ្លូវទៅវត្តចក ឬ ផ្លូវ២៦៧ ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ លោក គឹម ប៉ុណ្ណា បានបញ្ជាក់ថា ផ្លូវនេះបានចាក់កៅស៊ូតាមលក្ខណៈបច្ចេកទេសលើស្រទាប់គ្រឹះបានត្រឹមត្រូវ។ លោកបន្តថា ស្រទាប់គ្រឹះ ឬ ថ្មម៉ិកនោះ មានពណ៌ក្រហម ស្រដៀងដីក្រហម ទើបមានការយល់ច្រឡំពីមតិមហាជន ឬ អ្នកសារព័ត៌មាន។

បើតាមលោក គឹម ប៉ុណ្ណា ស្រទាប់ថ្មគ្រឹះនេះត្រូវបានយកពីភ្នំតូច ក្នុងស្រុកបន្ទាយស្រី ហើយបានក្រាលកម្រាលមួយតឹកកន្លះ។ តែការស្ថាបនានេះ ជាការស្ថាបនាជំហានដំបូង ដើម្បីសម្រូលចរាចរណ៍នៅតំបន់នោះ។

លោក គឹម ប៉ុណ្ណា បានបញ្ជាក់ថា ផ្លូវលេ ខ២៦៧នេះ គ្រោងនឹងចាក់កៅស៊ូនៅឆ្នាំក្រោយ តាមរយៈការស្នើសុំថវិកាពីក្រសួងសាធារណការ និងដឹកជញ្ជូន៕

ផ្លូវនៅក្រុងសួង ខេត្តត្បូងឃ្មុំ

សកម្មភាពសាងសង់ផ្លូវនៅក្រុងសៀមរាប ខេត្តសៀមរាប