(ព្រះសីហនុ)៖ មន្ត្រីអាវុធហត្ថដែលបានជេប្រមាថ និងគំរាមសម្លាប់ប្រជាពលរដ្ឋដែលជាស្ត្រីភេទទន់ខ្សោយត្រូវកម្លាំង អាវុធហត្ថខេត្តព្រះសីហនុ ចាប់បញ្ជូនទៅតុលាការហើយនារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។
មន្ត្រីតុលាការក៏បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា ស្ថាប័នតុលាការកំពុងចាត់រឿងនេះហើយ។ ជាមួយគ្នានេះមន្ត្រីតុលាការផ្សេងទៀត ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា ឈ្មោះ សន សីហា អតីតមន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ បច្ចុប្បន្នផ្លាស់ប្តូរទៅខេត្តសៀមរាប កាលពី៥ឆ្នាំមុនក៏មានជាប់បណ្តឹងមួយទៀត ពាក់ព័ន្ធទៅនឹងការធ្វើសំណង់មិនឲ្យប្រាក់ទៅគេផងដែរ។
លោក យ៉ាន់ គង់ទិត្យ មុខរបរជាជាងសំណង់ និងជាដើមបណ្តឹងបានថ្លែងឲ្យដឹងផងដែរថា អំឡុងពេលលោកធ្វើផ្ទះឲ្យឈ្មោះ សន សីហា ឈ្មោះនេះក៏បានគំរាមសំលាប់ កូនជាងរបស់គាត់ផងដែរ ។ ហើយដោយសារភាពភ័យខ្លាចកូនជាងរបស់លោកចំនួន៣នាក់ បានគេចខ្លួនទៅស្រុកកំណើតវិញអស់ហើយ នៅសល់តែរូបលោក និងមេជាងម្នាក់ទៀតប៉ុណ្ណោះ។
សូមជំរាបថា នៅយប់ម៉ោង០៩៖៤០ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ មន្ត្រីអាវុធហត្ថ សន សីហា បានជេរប្រមាថ ប្រជាពលរដ្ឋដែលជាស្រ្តីភេទទន់ខ្សោយ យ៉ាងអសីលធម៌បំផុត មិនតែប៉ុណ្ណោះជននេះបានគំរាមបាញ់សម្លាប់ទាំងពូជ ដោយសារតែទំនាស់បន្តិចបន្តួច សង់របាជាន់ព្រំដីគ្នាកន្លែងរកស៊ីប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចអាហារដ្ឋាន ណាយហ្វូដ (Nice Food) ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។
បន្ទាប់ពីហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះស្រ្តីទាំងពីរនាក់បងប្អូនដែលរងការជេរប្រមាថ និងគំរាមបាញ់សម្លាប់បានទៅដាក់បណ្តឹង នៅទីបញ្ជារដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុរួចរាល់ហើយដែរ៕