(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ត្រូវតែចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់រថយន្តដឹកជញ្ជូនអ្នកដំណើរ ដែលដោះកៅអីខាងក្នុងចេញ ដើម្បីយកទៅដឹកទំនិញផ្សេងៗ ដែលទង្វើនេះត្រូវបានលោកអះអាងថា ជាទង្វើខុសច្បាប់ចរាចរណ៍ផ្លូវគោក។
ការអំពាវនាវរបស់លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា យ៉ាងដូច្នេះធ្វើឡើង បន្ទាប់ពីមន្ត្រីនគរបាលអនុវត្តន៍ច្បាប់ចរាចរណ៍ ជាញឹកញាប់ បានធ្វើការឃាត់រថយន្តទាំងនោះមកផាកពិន័យ ប៉ុន្តែក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន នូវតែបន្តប្រព្រឹត្តល្មើសច្បាប់ដដែល។
ជាក់ស្តែងនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះកម្លាំងអនុវត្តន៍ច្បាប់ចរាចរណ៍ បានឃាត់រថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរមួយ ដែលដឹកទំនិញពេញ ដែលតាមច្បាប់រថយន្តដឹកជញ្ជូនអ្នកដំណើរ មិនអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ដឹកទំនិញទេ។
ជាថ្មីម្តងទៀត លោកឧត្តមសេនីយ៍ ស្នើឲ្យម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនអ្នកដំណើទាំងអស់ ត្រូវតែចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅសល់កម្រិតទាបបំផុត៕