(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានទូរស័ព្ទទៅកាន់ នាយករដ្ឋមន្ត្រីលោក ង្វៀន ហ្សួនភុក (Nguyen Xuan Phuc) ដើម្បីបង្ហាញពីចេតនាចង់ពង្រឹងទំនាក់ទំនងរវាងទីក្រុងហាណូយ និងទីក្រុងវ៉ាស៊ីនតោននៅក្នុងបរិបទដែលលោក ត្រាំ បានធ្វើកិច្ចសន្ទនាជាមួយបណ្ដាប្រទេសមួយចំនួនដែលកំពុងមានជម្លោះដែនទឹកជាមួយប្រទេសចិន នៅឯតំបន់សមុទ្រចិនខាងត្បូងរួចទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។
ទំនាក់ទំនងរវាងអតីតគូសត្រូវទំាងពីរក្នុងសង្រ្គាមវៀតណាម បានឈានដល់ដំណាក់កាលល្អប្រសើរឡើងវិញ ក្រោមរបបដឹកនាំរបស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា ដែលនេះកាន់តែធ្វើឱ្យទីក្រុងហាណូយ មានទឹកមាត់ប្រៃដើម្បីដោះស្រាយជាមួយប្រទេសចិន ជុំវិញជម្លោះនៅឯសមុទ្រចិនខាងត្បូង តាមរយៈការពង្រឹងទំនាក់ទំនងទ្វេភាគីនឹងសហរដ្ឋអាមេរិក ជាឧទាហរណ៍ទីក្រុងវ៉ាស៊ីនតោនកាលពីខែឧសភា បានសម្រេចចិត្តលុបចោល ការដាក់ទណ្ឌកម្មស្ដីពីការលក់អាវុធឱ្យវៀតណាម នៅក្នុងឱកាសនៃការបំពេញដំណើរទស្សនកិច្ចរបស់លោកអូបាម៉ា។
ដោយឡែកនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទខាងលើនេះ រដ្ឋាភិបាលវៀតណាមបានសារទរចំពោះជ័យជម្នះ របស់លោក ដូណាល់ ត្រាំ ព្រមទំាងបានគូសបញ្ជាក់ផងដែរពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថាខណៈពេលសហរដ្ឋអាមេរិកកំពុងពង្រីកឥទ្ធិពលនៅអាស៊ីក៏ដូចជាផ្ដល់ការគាំទ្រដល់បណ្ដាប្រទេសជាភាគីជម្លោះជាមួយចិន ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូងបើតាមក្រុមអ្នកជំនាញវៀតណាមគ្មានជំរើសអ្វីក្រៅតែពីចាប់យកសហរដ្ឋអាមេរិកនោះទេ ដើម្បីតទល់នឹងឥទ្ធិពលរបស់ចិន៕