(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឲ្យ អ្នកឧកញ៉ាគិត ម៉េង ពិចារណាចាប់ដៃជាមួយក្រុមហ៊ុនបរទេស បាញ់បង្ហោះផ្កាយរណប នៅក្នុងប្រទេសកម្ពុជា។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)៖
សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ឲ្យដឹងបន្តថា បើមានការបាញ់បង្ហោះផ្កាយរណបដោយខ្លួនឯង គឺមិនខាតប្រយោជន៍នោះទេ ព្រោះទូរគមនាគមន៍កម្ពុជា ព្រមទាំងស្ថានីយទូរទស្សន៍នានា នឹងទិញសេវានេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសុំស្នើឲ្យមានការពិចារណាទៅលើបញ្ហាបាញ់បង្ហោះផ្កាយរណបដោយកម្ពុជាខ្លួនឯង ពិនិត្យមើលពីបញ្ហានេះ ឧកញ៉ាគិត ម៉េង ល្មមដល់ពេលចាប់ដៃគូជាមួយក្រុមហ៊ុនណាមួយ ដើម្បីបាញ់ផ្កាយរណប សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសរបស់យើង ហើយមិនខាតទេ អត់ខាតទេ បើផ្កាយរណបហ្នឹងបាញ់ឡើងហើយគឺសេវាទូរគមនាគមន៍ ត្រូវជួលអាហ្នឹង ទូរទស្សន៍ទាំងអស់ដែលកំពុងប្រើ ទិញផ្កាយរណបគេ មកប្រើផ្កាយរណបយើង អត់ខាតទេ អត់ខាតទេ តែត្រូវការមានការវិនិយោគក្នុងទំហំធំ ថ្ងៃក្រោយយើងត្រូវការច្រើនណាស់ពីផ្កាយរណប»។
នៅក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថាខ្សែកាប្លិ៍អ៊ុបទិចបង្កប់ក្រោមបាតសមុទ្រ នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះផងដែរ៕ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)៖