(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នេះ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលដែលបានផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីយុទ្ធ និងយុវនិតិសម្បទា ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗដែលអញ្ជើញមកពីស្រុកបាភ្នំ ស្រុកពាមជរ និងស្រុកពាមរក៍ចំនួន៦២២នាក់ ហើយពិធីនេះបានធ្វើឡើងនៅឃុំពាមកោះ ស្រុកពាមរក៍។
លោក ថន ថា ប្រធានមន្ទីរសង្កមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា នៅឆ្នាំ២០១៦ មន្ទីរបានអនុវត្តកម្មវិធីសម្រាប់ជនក្រីក្រ រងគ្រោះតាមរយៈមន្ទីរសង្កមកិច្ច សម្រាប់ជួញមុខសញ្ញា ជនរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ មានជនចាស់ជរា ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រា គ្រួសារផ្ទុកមេរោគអេដស៍ ជនពិការ និងជនអនាថា។
លោក ជា សុមេធី បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនទុកឲ្យបងប្អូនណាម្នាក់ ដាច់ពោះស្លាប់ដោយអត់អាហារឡើយ។ ទើបថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អំណោយតាមរយៈមន្ទីរសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រដែលអញ្ជើញមកពីស្រុកបាភ្នំ ស្រុកពាមជរ និងស្រុកពាមរក៍ ដោយអំណោយដែលបានផ្តល់ជូនរួមមាន៖ មុង សារុង កន្ទេល ត្រីខ ម៊ី ប៊ីចេង»។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើ និងណែនាំដល់មាតា បិតាសិស្សទាំងអស់ត្រូ៖
ទី១៖ ឲ្យចូលរួមចំណែកជាមួយលោកគ្រូ អ្នគ្រូ អាជ្ញាធរគ្រប់លំដាប់ អប់រំកូនចៅឲ្យនៅឆ្ងាយពីគ្រឿងញឿន ជាពិសេសខិតខំរៀនសូត្រ និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ដើម្បីភូមិ-ឃុំ នៃខេត្តព្រៃវែងយើង ពុំមានគ្រោះថ្នាក់ចរាចរណ៍។
ទី២៖ ឲ្យប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបង្រ្កាបនូវល្បែងស៊ីសងគ្រប់ប្រភេទ។
ទី៣៖ ហាមប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ និងខុសបច្ចេកទេសដែលបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់។
ទី៤៖ សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារជាតិចុះមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយជីវភាពចំពោះ ចាស់ជរាគ្មានទីពឹង ស្រី្តមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា។ល៕