(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកជាថ្មីម្តងទៀតថា កម្ពុជាមិនមែនជាធុងសំរាមសម្រាប់បោះចោល បច្ចេកវិទ្យាហួសសម័យមកពីបណ្តាប្រទេសជឿនលឿននោះទេ តែកម្ពុជា ក៏ត្រូវការបច្ចេកវិទ្យាទំនើបៗផងដែរ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ)

ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ បានថ្លែងបង្ហាញ មោទនភាពចំពោះការដាក់ចេញទស្សនវិស័យអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកទេសនៅកម្ពុជាដោយមិនត្រូវប្រើប្រាស់បច្ចេកវិទ្យាចាស់ៗ ពីបណ្តាប្រទេសជឿនលឿននោះទេ តែក៏ត្រូវប្រឹងប្រែងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ និងថ្មីៗផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន ទស្សនវិស័យនេះត្រូវបានសម្តេចដាក់ចេញតាំង ពីទសវត្សរ៍ឆ្នាំ៨០មកម្ល៉េះ ក្នុងពេលអឺរ៉ុបខាងកើតផ្លាស់ប្តូរបច្ចេកវិទ្យាចាស់មកទំនើប។

បើតាមសម្តេចតេជោ ហ៊ុន សែន ព្រោះតែទស្សនវិស័យនេះហើយ ទើបបង្កើតឲ្យក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍នៅកម្ពុជាហើយ ក៏បានជំរុញឲ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជាមានការរីកចម្រើនខ្លាំងផងដែរ។

សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកថា ខ្ញុំពិតជាមានមោទនភាពនូវនយោបាយរបស់ខ្ញុំ ដែលខ្ញុំបានដឹកនាំឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ នៅត្រង់ខ្ញុំប្រកាសថា កម្ពុជាមិនមែនជាធុងសំរាម ដើម្បីបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ចំណុចនេះខ្ញុំនិយាយតាំងពីទសវត្សរ៍ឆ្នាំ៨០ នៅពេលដែលអឺរ៉ុបខាងកើត បានធ្វើការប្រែប្រួលបច្ចេកវិទ្យារបស់គេ ហើយលក់សម្ភារៈចាស់ឲ្យយើង»

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកមិញនេះក៏បានថ្លែងកោតសរសើរពីការរីកចម្រើនលើប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ នៅកម្ពុជាផងដែរ ដែលបច្ចុប្បន្នមាន សេវាអ៉ីនធឺណេតសម្រាប់ប្រើប្រាស់ ខណៈដែលប្រទេសមួយចំនួនពេលសម្តេចទៅបំពេញទស្សនកិច្ច គឺពិបាករកអ៉ីនធឺណេតប្រើប្រាស់។

សម្តេចតេជោ ក៏បានជំរុញឲ្យអ្នកពាក់ព័ន្ធប្រឹងប្រែងជំរុញ និងអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ឲ្យកាន់តែរីកចម្រើនថែមទៀត ហើយមន្រ្តីរាជការ និងប្រជាពលរដ្ឋក៏ត្រូវប្រឹងអភិវឌ្ឍន៍ចំណេះដឹងលើបច្ចេកវិទ្យាឲ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ថា ភាពរីកចម្រើនផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ ក៏ជាការរួមចំណែកជួយអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចផងដែរ៕ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)៖