(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល និងនាំយកសម្ភារប្រជាការពារ ចែកជូនដល់បងប្អូនកងកម្លាំងប្រជាការពារមកពី៧ឃុំ ទូទាំងស្រុកភ្នំក្រវាញ សរុបប្រមាណ១,១០៦នាក់ នៅបរិវេណសាលាស្រុក ស្ថិតក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ការចុះសំណេះសំណាលជាមួយបងប្អូនប្រជាការពារនាពេលនេះ ក្នុងនាមលោកជាអភិបាលខេត្ត និងក្នុងនាមជាក្រុមគ្រួសារតែមួយ គឺចង់ដឹងពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋផង និងប្រជាការពារផង និងជាឱកាសមួយ សម្រាប់ក្តាប់បាននូវព័ត៌មាន ជាក់ស្តែងពីប្រជាការពារ ដែលជាអ្នកការពារសុវត្ថិភាព ជូនពលរដ្ឋក្នុងមូលដ្ឋាន។
លោកបានបញ្ជាក់ថា សម្ភារៈទាំងអស់នេះ បានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជនខ្លះ និងជាថវិកាផ្ទាល់ខ្លួនរបស់លោក ទី នរិន្ទ ក្នុងនាមជាប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ គឺដើម្បីលើកទឹកចិត្តដល់កងកម្លាំង ជំរុញការពង្រឹងសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋឲ្យបានខ្លាំងក្លាថែមទៀត។
លោកថា ប្រជាការពារជាសេនាធិការ ឲ្យលោកមេឃុំ ដូច្នេះត្រូវធ្វើការជូនលោកមេឃុំ ក្នុងភាពស្មោះត្រង់ ត្រូវចេះសហការគ្នាជាមួយនគរបាលប៉ុស្តិ៍ឲ្យបានល្អ ចេះស្រឡាញ់គ្នាដូចបងប្អូន ត្រូវរួមគ្នាចេញល្បាតពួនស្ទាក់បទល្មើស ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ និងកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ហើយនៅក្នុងឱកាស នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ខាងមុខ ត្រូវតែពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋឲ្យខាងតែបាន។
បន្ទាប់ពីចប់មតិសំណេះសំណាល លោក ម៉ៅ ធនិន និងលោក ទី នរិន្ទ បានចែកជូនសម្ភារដល់ដៃបងប្អូនកងកម្លាំងប្រជាការពារ សរុបប្រមាណ១,១០៦នាក់ ក្នុងម្នាក់ៗទទួលបាន អាវប្រជាការពារ១ អាវរងារ១ ពិល១ និងថវិកា១ម៉ឺនរៀល។ ចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ទទួលបានផ្ទាំងសូឡា ២១ផ្ទាំង, ឃុំទាំង៧ ទទួលបានផ្ទាំសូឡា ២១ផ្ទាំង, អធិការនគរបាលស្រុក ទទួលបានផ្ទាំសូឡា ៣ផ្ទាំង, មូលដ្ឋានអាវុធហត្ថស្រុក ទទួលបានផ្ទាំសូឡា ៣ផ្ទាំង និងមន្ទីរបក្សស្រុក ទទួលបានផ្ទាំសូឡា ២ផ្ទាំង សរុបទាំងអស់៥០ផ្ទាំង៕