(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឱ្យមន្រ្តីរាជការទាំងអស់ធ្វើអក្ខរកម្មព័ត៌មានវិទ្យាដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ ក្នុងភារកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះ សម្តេចតេជោបានដាក់ចេញគោលនយោបាយមួយទៀត ដោយមិនឱ្យតែងតាំងមន្រ្តីដែលមិនចេះ ប្រើប្រាស់បច្ចេកវិទ្យាស្មាតហ្វូនទេ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)៖
ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅផ្លូវមុនីវង្ស ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ពីមុនខ្ញុំទាមទារឱ្យធ្វើអក្ខរកម្មកុំព្យូទ័រ ប៉ុន្តែឥឡូវមិនចាំបាច់ទេ គ្រាន់តែធ្វើអក្ខរកម្មព័ត៌មានវិទ្យាដោយចេះតែ ជុំវិញស្មាតហ្វូនគឺល្អហើយ។ ខ្ញុំដាក់ចេញនូវនយោបាយមួយថា មុននឹងការតែងតាំងត្រូវសួរថា អ្នកឯងចេះអាហ្នឹងអត់ បើមិនចេះទេចាំទៅរៀនឱ្យចេះសិន ចាំតែងតាំង ព្រោះគេធ្វើការត្រឹមតែ២នាទី ឯងធ្វើការរហូតដល់២ថ្ងៃ»។
នេះមិនមែនជាលើកទី១ទេ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យមន្រ្តីរាជការខិតខំធ្វើអក្ខរកម្មព័ត៌មានវិទ្យា ដោយសារបច្ចេកវិទ្យានេះគឺបរិបទថ្មីរបស់ពិភពលោក។ ទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ន អាចដើរតួជំនួសដល់កុំព្យូទ័រថែមទៀត និងងាយយកតាមខ្លួនគ្រប់ពេល។
រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានប្រកាសអំពីការធ្វើការងារបែបរាជរដ្ឋាភិបាលអេឡិចត្រូនិច (e-goverment) ដែលការងារបែបនេះដោះស្រាយបញ្ហាបានលឿន ហើយមានប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន តែងបានលើកឡើងថា សម្តេចតែងយកទូរស័ព្ទជាប់ខ្លួនគ្រប់ពេល ហើយថា សម្តេចប្រើប្រាស់ទូរស័ព្ទ មិនមែនគ្រាន់តែដើម្បីខល ឬលេង Facebook នោះទេ ប៉ុន្តែគឺជាការចាត់ចែងការងារ និងការទទួលព័ត៌មានសំខាន់ៗផ្សេងពីមន្រ្តីរបស់សម្តេច៕ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)៖