(បាត់ដំបង)៖ លោកស្រី ញឹក សាគន្ធ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងមនុស្សខេត្ត ថ្លែងក្នុងការប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ និងទប់ស្កាត់ពលកម្មកុមារខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះថា «យើងទាំងអស់គ្នានាំគ្នាចូលរួមទប់ស្កាត់ ការជួញដូរមនុស្ស និងលុបបំបាត់ពលកម្មកុមារឲ្យបាន»។
ពិធីនេះត្រូវបានធ្វើឡើង នៅចំណុចសួននាគបាញ់ទឹក ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយមានការចូលរួមពី លោកស្រី អ៊ីវ តារា តំណាងក្រុមប្រឹក្សាខេត្ត និងសមាជិក លោក ហូ ប៊ុនធឿន ប្រធានប្រតិបត្តិអង្គការទស្សនៈពិភពលោក អភិបាល អភិបាលរង ក្រុង ស្រុកទាំង១៤ ជាស្រ្តី ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរនានាជុំវិញខេត្ត កងកម្លាំង សិស្ស និស្សិត យុវជន តំណាងអង្គការជាតិ អន្តរជាតិ ប្រជាពលរដ្ឋ សរុបជាង១ពាន់នាក់។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ លោក ហូ ប៊ុនធឿន ប្រធានប្រតិបត្តិអង្គការទស្សនៈពិភពលោកខេត្ត ស្តីពីសកម្មភាពការងារអង្គការជាដៃគូពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តការងារតាមជំនាញរៀងៗខ្លួនកន្លងមក។ លោកស្រី ញឹក សាគន្ធ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងមនុស្សខេត្ត ថ្លែងអំណរគុណ និងកោតសរសើរដល់អង្គការជាតិ-អន្តរជាតិ ក្នុងខេត្តបាត់ដំបង ដែលបានចូលរួមសហការ ជាមួយរាជរដ្ឋាភិបាល ពិសេសខេត្តបាត់ដំបង កន្លងមកបានល្អប្រសើរ។
បន្ថែមពីនេះ លោកស្រី បានបញ្ជាក់ថា ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និងពលកម្មលើកុមារ នៅកម្ពុជាកន្លងមក ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវ ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស និងពលកម្មលើកុមារនេះ នៅថ្ងៃ១២ធ្នូ ជាទិវាជាតិ ប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីចូលរួមកាត់បន្ថយឲ្យនៅសល់តិចបំផុត នូវអំពើទាំងអស់នេះនៅកម្ពុជា៕