(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសសាលក្រមករណីប្រពន្ធ-ប្តី កឹបកេងប្រាក់បុរីពិភពថ្មីជាង៣៧ម៉ឺនដុល្លារ ឲ្យដាក់ពន្ធនាគារ០២ឆ្នាំ តែត្រូវអនុវត្តមួយឆ្នាំ និងសងទៅក្រុមហ៊ុនចំនួន៣៧.៣៨៤០ដុល្លា ព្រមទាំងជម្ងឺចិត្ត៤០លានរៀលផងដែរ។
គួររំលឹកថា ស្ត្រីម្នាក់ជាប្រធានគណនេយ្យនៅក្រុមហ៊ុនបុរីពិភពថ្មីគ្រុប និងប្តីជាប់ពាក់ព័ន្ធការកិបកេងប្រាក់ក្រុមហ៊ុនជាង៣៧ម៉ឺនដុល្លារ យកទៅលេងល្បែងចាញ់អស់ ត្រូវបានលោក នូ វាសនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ។
មន្ត្រីតុលាការថ្លែងថា ប្តីប្រពន្ធទាំងពីរនាក់ ត្រូវបានលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីរបទល្មើស គឺ បទឆបោក និងបទ រំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលដទៃទៀត តាមមាត្រា ៣៧៧ , ៣៩១និង មាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ។
ស្រ្តីមានឈ្មោះ ផាត ចរិយា អាយុ៣៨ឆ្នាំ ជាប្រធានគណនេយ្យនៅក្រុមហ៊ុនបុរីពិភពថ្មីគ្រុបនិង ប្តីឈ្មោះ ហ៊ កុសល អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ៣បេ ផ្លូវលេខ៦០ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ តាមពាក្យបណ្ដឹងរបស់លោកមេធាវីឈ្មោះ ប៉ិ វណ្ណៈ តំណាងស្របច្បាប់របស់ក្រុមហ៊ុនពិភពថ្មី ចោទប្រកាន់ពីបទឆបោកប្រាក់ប្រមាណជាង៣៧ម៉ឺនដុល្លារអាមេរិក។
ស្ត្រីជាប្រពន្ធ បានចូលធ្វើការនៅក្រុមហ៊ុនពិភពថ្មីគ្រុបជាង៤ឆ្នាំមកហើយ។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ ស្ត្រីជាប់ចោទបានចាប់ផ្តើមកិបកេងប្រាក់ក្រុមហ៊ុនជាបន្តបន្ទាប់។លុះក្រោយមកនៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ ក៏បែកការណ៍ឈានដល់ការដាក់ពាក្យបណ្ដឹងចាប់ខ្លួនតែម្ដង៕