(ភ្នំពេញ)៖ ក្រោមអធិបតីភាពជាសាក្សីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានាធិបតីហ្វីលីពីន រូទ្រីហ្គោ ឌូតឺតេ ការអនុវត្តកម្មវិធី នៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ត្រូវបានចុះហត្ថលេខារួចហើយរវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី Wanda Corazon Tulfu-Teo រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន កាលពីថ្ងៃម្សិលមិញ ក្នុងនោះមានផែនការចម្បង៥ចំណុច ដែលនឹងត្រូវដាក់អនុវត្តរួមគ្នា។
លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នេះថា ផែនការសំខាន់ៗទាំង៥ ខាងលើ មានដូចជា៖ ១៖ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា, ២៖ការជំរុញការហោះហើរត្រង់រវាងប្រទេសទាំងពីរ, ៣៖ការឃោសនាផ្សព្វផ្សាយទេសចរណ៍រួមគ្នា, ៤៖ការអភិវឌ្ឍធនធានមនុស្ស, ៥៖ការអភិវឌ្ឍ និងពិពិធកម្មផលិតផលទេសចរណ៍។
លោករដ្ឋលេខាធិការបានបន្តថា ដើម្បីឲ្យកិច្ចសហប្រតិបត្តិការទេសចរណ៍របស់ប្រទេសទាំងពីរ មានដំណើរការរលូនទៅមុខ ភាគីទាំងពីរបានបង្កើតផែនការសកម្មភាពដ៏ជាក់លាក់ និងបង្កើតក្រុមការងារពិសេសមួយ សម្រាប់ចុះអនុវត្តកិច្ចការនានា ដែលជាយុទ្ធសាស្រ្តរបស់ប្រទេសទាំងពីរ។
គិតត្រឹមរយៈពេល១០ខែ ដើមឆ្នាំ២០១៦នេះ ទេសចរហ្វីលីពីនបានមកទស្សនាកម្ពុជា មានចំនួន៨៨,១៩២នាក់ កើនឡើង២៩.៩ភាគរយ ឈរលើលំដាប់ថ្នាក់ទី១៣។ នៅឆ្នាំ២០១៥ ទេសចរហ្វីលីពីនបានមកទស្សនាកម្ពុជា មានចំនួន ៨៤,៦៧៧នាក់ ឈរលើលំដាប់ថ្នាក់ទី១៥។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៥ ហ្វីលីពីនទទួលបានទេសចរអន្តរជាតិ ចំនួន ៥,៣៦០,៦៨៣នាក់ កើនឡើង ១០.៩១ភាគរយ ក្នុងនោះមានទេសចរកម្ពុជាចំនួន ៣,២៧៦នាក់ កើនឡើង ៦.៩៣ភាគរយ។ ហើយរយៈពេល ៨ខែ ដើមឆ្នាំ២០១៦ ហ្វីលីពីនទទួលបានទេសចរអន្តរជាតិចំនួន ៤,០៤២,០៤៩នាក់ កើនឡើង ១២.៥៩ភាគរយ ក្នុងនោះមានទេសចរកម្ពុជាចំនួន ២,៣៨១នាក់។
ចំពោះការតភ្ជាប់ជើងហោះហើរ មានក្រុមហ៊ុន CEBU Pacific បានធ្វើការហោះហើរត្រង់ ពីទីក្រុងម៉ានីល មកខេត្តសៀមរាប មានចំនួន ៤ជើងក្នុង១សប្តាហ៍ ហើយកម្ពុជាបានស្នើដល់ហ្វីលីពីន ឲ្យបង្កើនជើងហោះហើរត្រង់បន្ថែម ពីរដ្ឋធានីម៉ានីលមករាជធានីភ្នំពេញ៕