(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញដីបង្គាប់ឲ្យមន្ត្រីអនុក្សពន្ធនាគារព្រៃសនាំ ស្ត្រីជនជាតិអូស្ត្រាលីមានឈ្មោះ CHALES TAMMY ALAYNE អាយុ៤៩ឆ្នាំ ដែលជាប់ពាក់ព័ន្ធករណីអំពើជាអន្តរកាល នៃការពរពោះ ឬការជួលស្ត្រីខ្មែរឲ្យពពោះបង្កើតកូនជំនួស និងផ្តល់ឯកសារដោយទុច្ចរិត មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី មុនឈានដល់ដំណាក់ជំនុំជម្រះ។
មន្រ្តីតុលាការបានថ្លែងថា សម្រាប់សំណុំរឿងនេះ ក៏មានពលរដ្ឋខ្មែរ ស្រី-ប្រុស ចំនួន ០២នាក់ទៀត ក៏ត្រូវបានឃុំខ្លួននៅពន្ធនាគារផងដែរ។
សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៣នាក់ ក្នុងនោះមានស្ត្រីជនជាតិអូស្រ្តាលីម្នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីអំពើជាអន្តរកាលនៃការពរពោះ ឬនិយាយសាមញ្ញថា «ការជួលស្រ្តីខ្មែរឲ្យពរពោះបង្កើតកូនជំនួស និងផ្តល់ឯកសារដោយទុច្ចរិត»។
របាយការណ៍សមត្ថកិច្ចបានបង្ហាញថា ជនសង្ស័យទាំង៣បីនាក់ទី១-ឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PE-0402481 ទី២-ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងទី៣-ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរឆ្មបស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។
ក្រុមជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលខណ្ឌសែនសុខ និងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា នៅពេលដែលប្រទេសដទៃទៀត ចេញច្បាប់បិទមិនឲ្យមានការជួលស្រី្តពរពោះ ដើម្បីកើតកូនជំនួសនោះ ជំនួញទុច្ចរឹតមួយនេះ បានហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់ឲ្យដើរលួងលោម អូសទាញ ស្ត្រីឲ្យរកស៊ីឈ្នួល ពរពោះជំនួសអ្នកដែលចង់បានកូន ហើយរហូតដល់ក្រុមមនុស្ស ប្រុសស្រឡាញ់ប្រុសដូចគ្នា ចង់បានកូន ក៏មកកម្ពុជារកកូនដែរ។ ជំនួញមួយនេះ ធ្វើឲ្យពួកឈ្មួញចំណេញកប់ពពក អ្នកចង់បានកូនត្រូវចំណាយ៥ម៉ឺនដុល្លារអាមេរិក៕