(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសវៀតណាម នាអំឡុងសប្តាហ៍ក្រោយនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។

ទស្សនកិច្ចនេះនឹងធ្វើឡើងនៅថ្ងៃទី២០ និង២១ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ ទៅតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីរបស់វៀតណាម។

អំឡុងទស្សនកិច្ចនេះសម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយនឹងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម និងជួបសម្តែងការគួរសមដោយឡែកៗពីគ្នាជាមួយ លោក ង្វៀន ហ៊្វូ ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, លោក ត្រាន់ ដាយ ក្វាង ប្រធានាធិបតីវៀតណាម និង លោកស្រី ង្វៀន ធីគឹម ងិន ប្រធានរដ្ឋសភាវៀតណាម។ ក្រៅពីនោះសម្តេចក៏នឹងទទួលជួបសម្តែងការគួរសមពីសមាគមមិត្តភាពកម្ពុជា-វៀតណាម ថ្នាក់ដឹកនាំក្រុងហូជីមិញ និងអតីតយុទ្ធជនវៀតណាមផងដែរ។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេស។

សម្រាប់គណៈប្រតិភូដែលអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមានដូចជា៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ , ទេសរដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស, លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត។

អំឡុងទស្សនកិច្ចនេះ ក៏អាចមានការចុះកិច្ចព្រមព្រៀង/អនុស្សារណៈ មួយចំនួនផងដែរ៕